គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ វិច្ឆិកា ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្តរកមេរោគកូវីដ១០ទៅលើអ្នកដែលមានការពាក់ព័ន្ឋនឹងលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានកើនដល់៨៤០នាក់(ម្សិលមិញធ្វើតេស្ត២១២នាក់) តែលទ្ឋផល គឺពុំមានអ្នកឆ្លងកូវីដ១៩នោះទេ ។
យ៉ាងណា បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃសុក្រនេះ ក្រសួងសូមណែនាំជូនដល់អ្នកប៉ះពាល់ទាំងអស់ ដែលមានលទ្ធផលលើកទី១ អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបន្តធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលមកធ្វើតេស្តឡើងវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាក សម្រាប់រកកូវីដ១៩ ចាប់ពីម៉ោង៧ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖
-លើកទី២ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០
-លើកទី៣ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
-លើកទី៤ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
សេចក្តីប្រកាសដដែលក៍បានបញ្ជាក់ដែរថា មកទល់នឹងវេលាខាងលើ គឺនៅទូទាំងប្រទេសពុំមានអ្នកឆ្លងមេរោគកំណាចកូវីដ១៩នោះទេ ហើយក៍ពុំមានអ្នកជាសះស្បើយដែរ ។គឺមានន័យថា តួលេខអ្នកឆ្លងសរុបទូទាំងប្រទេសបន្តនៅចំនួន២៩២នាក់ (ស្រី ៦០នាក់ ) ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុប២៨៦នាក់ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៦នាក់៕