ក្រសួងអប់រំប្រាប់លេខពិសេស ក្រោយរកឃើញគ្រឹះស្ថានអប់រំ៤ ពាក់ព័ន្ឋនឹងប្រតិភូហុងគ្រី

គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ៤ ត្រូវ​បាន​រក​ឃើញ​ថា មានការ​ពាក់ព័ន្ធ​នឹង​ករណី​គណៈប្រតិភូ នៃ​ប្រទេស​ហុង​គ្រី ហើយ​ក្រសួង​អប់រំ បាន​ណែនាំ​ឲ្យ​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ដោយ​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​ថ្នាក់រៀន​តាម​ការ​ចាំបាច់ តែ​ត្រូវ​បន្ត​ការ​សិក្សា​តាម​អន​ឡាញ​រយៈពេល ១៤​ថ្ងៃ ។​

​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

​បើ​តាម លោក រស់ សុ​វាចា​  គ្រឹះស្ថានសិក្សា​ទី​១ មាន​បុគ្គលិក ១​រូប បាន​ប៉ះពាល់​ជាមួយ គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។ គ្រឹះស្ថានសិក្សា​ទី​២ មាន​សិស្ស ២ រូប ដែល​មាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ គណៈប្រតិភូ នៃ​ប្រទេស​ហុង​គ្រី​។ គ្រឹះស្ថានសិក្សា​ទី​៣ មាន​សិស្ស ២ រូប ដែល​មាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ គណៈប្រតិភូ នៃ​ប្រទេស​ហុង​គ្រី និង​គ្រឹះស្ថានសិក្សា​ទី​៤ មាន​សិស្ស ២ រូប មាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​

​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា ក្រសួង​អប់រំ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​អំពាវនាវ​ដល់ គ្រឹះស្ថានសិក្សា មាតាបិតា និង​សិស្សានុសិស្ស អនុវត្ត​វិធានការ​មួយ​ចំនួន ដូច​ជាៈ គ្រឹះស្ថានសិក្សា​ណា ដែល​មាន​បុគ្គលិក បាន​ចូលរួម និង​ប្រាស្រ័យ​ទាក់ទង ផ្ទាល់​នឹង​គណៈប្រតិភូ របស់​ប្រទេស​ហុង​គ្រី ត្រូវ​ផ្អាក​ដំណើរការ​សិក្សា ក្នុង​រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ និង​ត្រូវ​បន្ត​ការ​បង្រៀន និង​រៀន​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​។ បុគ្គលិក និង​អ្នក​ពាក់ព័ន្ធ​ទាំងនោះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង ១៤ ថ្ងៃ​។​

​សាស្ត្រាចារ្យ បុគ្គលិក​អប់រំ សិស្សានុសិស្ស និង​និស្សិត ដែល​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​គណៈប្រតិភូ របស់​ប្រទេស​ហុង​គ្រី ត្រូវ​រាយការណ៍​មក ក្រសួង​អប់រំ យុវជន និង​កីឡា តាម​រយៈ​ទូរ​សព្ទ​លេខ ០១២ ៣៣៥ ៩៩៩ នៅ​ត្រឹម​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​គួរ​បញ្ជាក់ លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី​និង​គណៈប្រតិភូ​អមដំណើរ បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​០៣ វិច្ឆិកា ហើយ​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក​ប្រមុខ​ការទូត​ខាងលើ បាន​អញ្ជើញ​ចាក​ចេញពី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ វិច្ឆិកា​ដដែល​នោះ ដើម្បី​បន្តដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ប៉ុន្តែ​ពេល​ទៅ​ដល់​ក្រុង​បាងកក ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ​ប្រកាស​ថា លោក ភី​ធើ ស៊ី​ចា​តូ ឆ្លង​មេរោគ​កូ​វី​ដ​១៩ ។​

​ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ ភ្លាម​ៗ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ដែល​មានការ​ពាក់​ព័​ន្ឋ​នឹង​លោក​ប្រមុខ​ការទូត​ហុង​គ្រី និង គណៈប្រតិភូ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ដាក់​នៅ​ដាច់​ដោយឡែក​ពី​ក្រុម​គ្រួសារ​រយៈពេល​១៤​ថ្ងៃ ហើយ​ដែល​មាន​ទល់​នឹង​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០២០​នេះ មាន​អ្នក​ពាក់​ព័​ន្ឋ​រហូត​ដល់​៨៤០​នាក់ ហើយ​ដែល​អ្នក​ពាក់​ព័​ន្ឋ​ទាំង​អស់នេះ ក្រោយ​ធ្វើតេស្ត ត្រូវ​ក្រសួងសុខាភិបាល​ប្រកាស​ថា ពុំ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​នោះ​ទេ តែ​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​ធ្វើតេស្ត​រក​មេរោគ​៣​ដង​ទៀត គឺ​នៅ​ថ្ងៃ​ទី​០៩ . ១៤ និង​ថ្ងៃ​ទី​១៨ វិច្ឆិកា ៕