មនុស្សចំនួន០៧នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររថយន្តងងុយដេក ធ្វើឲ្យរេចង្កូតធ្លាក់ចូលប្រឡាយដែលមានទឹក ។
ហេតុការណ៍នេះ បានកើតឡើងនៅរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ វិច្ឆិកា ២០២០ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងជាបឋមថា រថយន្តដែលជួបគ្រោះថ្នាក់ខាងលើម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 2A-8469 បើកបរដោយជនជាតិខ្មែរមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ ។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក ជឹម សុវណ្ណ បានឲ្យដឹងជំហានដំបូងថា រថយន្តដែលក្រឡាប់ចូលប្រឡាយទឹកនោះ ប្រហែលជារថយន្តឈ្នួល ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបរ អត់ងងុយ និងបើកលើសល្បឿនកំណត់ទៀត ទើបបង្កជាគ្រោះថ្នាក់ខាងលើ ។
លោកប្រធានការិយាល័យបន្តថា អ្នកស្លាប់សរុបមានចំនួន៧នាក់ ក្នុងនោះជនជាតិវៀតណាម ៦នាក់ និង ខ្មែរ០១នាក់(អ្នកបើកបរ) និងជនជាតិវៀតណាមទៀតរបួស០៥នាក់ ។
នៅពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕