លោក រ័ត្ន សុខន ត្រូវបានលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើព្រះក្រឹត្យបញ្ចប់តំណែងជាទីប្រឹក្សាលោក ហេង សំរិន ប្រធានរដ្ឋសភា។
គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការបញ្ចប់តំណែង លោក រ័ត្ន សុខន ជាទីប្រឹក្សាលោក ហេង សំរិន មានឋានៈស្មើទេសរដ្ឋមន្ត្រីខាងលើនេះនៅឡើយទេ ។
ការបញ្ចប់តំណែងលោក រ័ត្ន សុខន ត្រូវបានធ្វើឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត /១០២០/ ១១៦៣ ដែលចុះហត្ថលេខាដោយលោកប្រមុខរដ្ឋស្តីទី សាយ ឈុំ កាលពីថ្ងៃទី២៨ តុលា ២០២០ និង ត្រូវបានគេផ្សព្វផ្សាយព្រះក្រឹត្យខាងលើនៅថ្ងៃទី០៦ វិច្ឆិកា ២០២០នេះ ។
នៅរសៀលថ្ងៃសុក្រនេះ«អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេពីអ្នកនាំពាក្យខុទ្ទកាល័យ លោក ហេង សំរិន ជាពិសេសលោក រ័ត្ន សុខន ផ្ទាល់ ។
ក្រៅពីមានតួនាទីជាទីប្រឹក្សាប្រធានរដ្ឋសភាឋានៈស្មើទេសរដ្ឋមន្ត្រី លោក រ័ត្ន សុខន ក៍ត្រូវបានគេស្គាល់ថាធ្លាប់មានគោរមងារជា«ឧកញ៉ា» និងធ្លាប់កាន់តំណែងជាអនុប្រធានសហព័ន្ធកីឡាវ៉ូវូណាមពិភពលោក ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ី និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាផងដែរ ៕