នៅឆ្នាំ២០២១ខាងមុខ រាជរដ្ឋាភិបាលជ្រើសរើសមន្ត្រីរាជការស៊ីវិលសម្រាប់ក្របខណ្ឌថ្មីចំនួន ៦១០៦នាក់ ឲ្យចូលបម្រើការងារក្នុងក្រសួង-ស្ថាប័នរដ្ឋចំនួន២៣ ។
នេះបើយោងតាមលិខិតក្រសួងមុខងារសាធារណៈដែលចុះហត្ថលេខាដោយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី០៤ វិច្ឆិកា ២០២០ និងដែលត្រូវបានគេផ្សព្វផ្សាយនៅរសៀលថ្ងៃទី០៦ វិច្ឆិកា ២០២០នេះ ។
ក្រសួងសាធារណៈបានបញ្ជាក់ថា ការជ្រើសរើសក្របខណ្ឌថ្មី ២០២១ គ្រប់ក្រសួងស្ថាប័ន ត្រូវអនុវត្តផ្អែកត្រឹមចំនួនផែនការ ក្នុងឆ្នាំ២០២០ ដែលបានផ្អាកកន្លងមកតែប៉ុណ្ណោះ លើកលែងក្រសួងស្ថាប័នចំនួន ៣ គឺក្រសួងរៀបចំដែនដី ក្រសួងការបរទេស និងរាជបណ្ឌិតសភាកម្ពុជា នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានជ្រើសរើសរួចហើយ។
ក្រសួងបន្តថា សម្រាប់ការប្រឡងជ្រើសរើស និងការអនុវត្តកម្មសិក្សា អាចចាប់ផ្តើមពីខែមករា ឆ្នាំ២០២១ តទៅ ដោយត្រូវអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំ វេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ដោយឡែកសម្រាប់ការបែងចែកមន្ត្រីជាប់កិច្ចសន្យា ឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រជាប់កិច្ចសន្យា គ្រូបង្រៀនពុទ្ធិកជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា គ្រូបង្រៀនពីថ្នាក់ពីរពេល និងថ្នាក់គួបគ្រប់កម្រិត គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាម ក្រសួងមុខងារសាធារណៈ នឹងផ្តល់ជូននៅពេលក្រោយ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
បើតាមលិខិតដដែល ក្រសួងដែលជ្រើសរើសមន្ត្រីច្រើនជាងគេនៅឆ្នាំក្រោយនេះ គឺក្រសួងអប់រំ យុវជននិងកីឡា ចំនួន ៣៦០០នាក់ ក្រសួងសុខាភិបាល ១៣០០នាក់ ក្រសួងមហាផ្ទៃ ២១០នាក់(ទីស្តីការក្រសួង៤០នាក់និងថ្នាក់ក្រោមជាតិ១៧០នាក់) ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ១៣៣នាក់ ក្រសួងសាធារណការនិងដឹកជញ្ជូន ១៣៣នាក់ ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ៩៨នាក់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៩៦នាក់ អង្គភាពប្រឆាំងអំពើពុករលួយ ៧៥នាក់ ក្រសួងពាណិជ្ជកម្ម ៣៦នាក់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានិវត្តន៍ ៣០នាក់ ក្រសួងព័ត៌មាន ២៤នាក់ ទីស្តីការគណៈរដ្ឋមន្ត្រី ២២នាក់… ៕