នគរបាលការពារព្រំដែនគោកលេខ៩០៥ ចំនួន៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារការបាញ់ប្រហារពីសំណាក់នគរបាលគ្នាឯង ដែលប្រចាំការនៅប៉ុស្តិ៍ចុងព្រិច ខេត្តឧត្តរមានជ័យ ។
ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានប្រាប់ប្រព័ន្ឋផ្សព្វផ្សយក្នុងស្រុកថា ករណីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៦ វិច្ឆិកា ២០២០ នៅចំណុចលើផ្លូវយុទ្ធសាស្ត្រក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
លោកស្នងការបន្តថា អនុសេនីយ៍ឯក អុំ ឈយ នាយរងប៉ុស្តិចុងព្រិច បានទាញអាវុធ AK 47 បាញ់ទៅលើលោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ជានាយប៉ុស្តិ៍ចុងព្រិច និងលោកអនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើបការណ៍បណ្តាលឲ្យស្លាប់ទាំង២នាក់ រួចជនដៃដល់បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនតាមក្រោយ ។
ករណីខាងលើ មិនមែនផ្តើមចេញពីរឿងគំនុំអ្វីនោះឡើយ គឺកន្លងទៅជនដៃដល់ឈ្មោះ អុំ ឈយ ធ្លាប់បានសុំទៅមើលជំងឺសរសៃប្រសាទរបស់ខ្លួន មុនសុំមកបម្រើការងារវិញ ហើយកកើតមានករណីខាងលើនេះឡើង ។
នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ៕