សុំយោបល់ម្នាក់មួយ ជុំវិញនាយរងប៉ុស្តិ៍បាញ់មេប៉ុស្តិ៍និងនាយផ្នែកស៊ើបការណ៍

សំណុំរឿង​ដ៍​កក្រើក​មួយ​ដែល​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០២០​នេះ នោះ​គឺ​ករណី​នាយ​រង​នគរបាល​ប៉ុស្តិ៍​ចុង​ព្រិច ខេត្តឧត្តរមានជ័យ បាន​យក​កាំភ្លើង AK 47 បាញ់​ទៅ​លើ​មេ​របស់​ខ្លួន និង នាយ​ផ្នែក​ស៊ើបការណ៍ បណ្តាល​ឲ្យ​ស្លាប់ រួច​ជន​ដៃដល់​ក៍បាន​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ។​

​ជន​ដៃដល់​និង​ជន​រង​គ្រោះ​ដែល​ស្លាប់ ត្រូវ​បាន​គេ​អះអាង​ថា​មាន​តួនាទី​និង​ឋានន្តរស័ក្តិ​ដូច​តទៅ​៖ អនុសេនីយ៍ឯក អុំ ឈ​យ នាយ​រង​ប៉ុស្តិ​ចុង​ព្រិច ជា​ជន​ដៃដល់ ឯ​ជន​រង​គ្រោះ​គឺ​លោក​អនុសេនីយ៍ឯក ហ៊ុន ប៊ី ជា​នាយ​ប៉ុស្តិ៍​ចុង​ព្រិច និង​លោក​អនុសេនីយ៍ឯក ស្រេង រាសី នាយ​ផ្នែក​ស៊ើប ។​

​ក្រោយ​ហេតុការណ៍​ខាងលើ​កើតឡើង ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សយ​ក្នុងស្រុក​ថា ករណី​ខាងលើ មិនមែន​ផ្តើម​ចេញពី​រឿង​គំនុំ​អ្វី​នោះ​ឡើយ គឺ​កន្លង​ទៅ​ជន​ដៃដល់​ឈ្មោះ អុំ ឈ​យ ធ្លាប់​បាន​សុំ​ទៅ​មើលជំងឺ​សរសៃប្រសាទ​របស់​ខ្លួន មុន​សុំ​មក​បម្រើ​ការងារ​វិញ ហើយ​កកើត​មាន​ករណី​ខាងលើ​នេះ​ឡើង ។​

​ចំណុច​នេះ ក្រុម​អ្នកវិភាគ​និង​តាមដាន​សង្គម យល់​ឃើញ​ថា ជា​ហេតុផល​ដែល​មិនសូវ​សម ព្រោះ​បើ​ដឹង​ថា​លោក អុំ ឈ​យ ដែល​ជា​ជន​ដៃដល់​កើត​មាន​ជំងឺសរសៃប្រសាទ​មែន អង្គភាព​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​គាត់​ចូល​បម្រើ​ការងារ​វិញ នៅ​គ្រា​ដែល​គាត់​មិន​ទាន់​ជា​សះស្បើយ​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​គាត់​ជា​ម្តង​ហើយ តែ​ជំងឺ​រើ​ឡើង​វិញ ក៍​អ្នកបម្រើ​ការងារ​ជាមួយ​គ្នា​ដឹង​និង​ឃើញ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ជន​ដៃដល់ និង ត្រូវ​រាយការណ៍ ឬ​ជូន​ព័ត៌មាន​ទៅ​ថ្នាក់លើ​ ដើម្បី​មាន​វិធានការ​ផ្សេង​ៗ​តាម​ច្បាប់ តែ​ចំណុច​នេះ លោកស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ​មិន​បាន​បញ្ជាក់​លម្អិត តែ​អ្វី​ដែល​លោក ហួត សុធី លើក​ឡើង​ហាក់​ចង់​សម្រួល​ស្ថានការណ៍ ឬ ចង់​បំបិទ​សំណុំរឿង​ការពិតណាមួយ ​ដែល​ជាដើម​ចម​ឈាន​ទៅ​ការ​បាត់បង់​ជីវិត​មនុស្ស​ដល់​ទៅ​៣​នាក់​ខាងលើ ។​

​មួយវិញទៀត ប្រសិនបើ​ជន​ដៃដល់ ជា​មនុស្ស​សរសៃប្រសាទ កុំ​ថា​ឡើយ​ដល់​ទៅ​យក​ធ្វើ​មន្ត្រី​ដែល​កាន់​អាវុធ សូ​ម្បី​តែ​ធ្វើ​កិច្ច​ការងារ​ផ្សេង​ៗ​ក្រៅពី​មុខងារ​រាជការ​សាធារណៈ ក៍​គេ​មិន​ទទួលយក​ឲ្យ​ធ្វើការ​ផង ​ប្រសិនបើ​គេ​ដឹង​តាម​រយៈ​លិខិតបញ្ជាក់​សុខភាព​របស់​ពេទ្យ ។

យ៉ាងណា ខាងលើ​នេះ វា​គ្រាន់តែ​ជា​ការ​មើលឃើញ​ពី​សំណាក់​អ្នក​តាមដាន​សង្គម​និង​អ្នកវិភាគ​ព្រឹត្តិការណ៍​សំខាន់​ៗ​នានា​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ។

ចុះ​លោក​អ្នក​អាន​«​អង្រុត​» យល់​ឃើញ​បែប​ណា​ដែរ ? ៕