ឥណ្ឌាម្នាក់និងប៉ាគីស្ថានម្នាក់នាំកូវីដ១៩ចូល

ក្រសួងសុខាភិបាល​បាន​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩ លើ​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​និង​ប៉ា​គី​ស្ថាន​ម្នាក់ ដែល​ទើប​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៥ វិច្ឆិកា ។​

​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដដែល​បាន​បញ្ជាក់​ទៀត​ថា បុរស​ជនជាតិ​ឥណ្ឌា អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ និង បុរស​ជាន​ជាតិ​ប៉ា​គី​ស្ថាន អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​បឹង​កក់​១ ខណ្ឌទួលគោក ទាំង​២​នាក់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត​ជើងហោះហើ​យ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មុន​ពេល​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៥ វិច្ឆិកា ។​

​បន្ទាប់​ពី​មាន​ល​ទ្ឋ​ផល​វិជ្ជមាន​(​មាន​មេរោគ​កូ​វី​ដ​១៩) ដែល​ផ្តល់​ដោយ​វិ​ទ្យ​សា្ថ​ន​ប៉ាស្ទ័រ​កម្ពុជា ពួក​គេ​ទាំង​២​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​) ។​

​ក្រៅពី​រក​ឃើញ​ករណី​វិជ្ជមាន​លើ​បុរស​ជនជាតិ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ខាងលើ ក្រសួង​ក៍បាន​បញ្ជាក់​ដែរ​ថា ក៍​មាន​ករណី​ជា​សះស្បើយ​២​នាក់​ផង​ដែរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​អ្នកជា​សះស្បើយ​ទាំង​២​នាក់ គឺជា​ស្ត្រី​ជាតិខ្មែរ អាយុ​៣២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អ៊ី​រ៉ា​ក់​និង​បន្ត​ជើងហោះហើរ​នៅ​ទីក្រុង​ដូ​ហា និង​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​បាន​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ តុលា ២០២០ និង​បុរស​ជនជាតិ​ខ្មែរ អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ជា​អ្នកដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៦ តុលា ២០២០​។​

​ដោយឡែក បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០២០​នេះ ក៍បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា មាន​អ្នក​ពាក់​ព័​ន្ឋ​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ចំនួន​៤៩​នាក់​ទៀត ត្រូវ​បាន​ធ្វើតេស្ត​កាលពី​ថ្ងៃ​ទី​០៦ វិច្ឆិកា តែ​ជា​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​អវិជ្ជមាន​(​គ្មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩)​ទាំងអស់​។​

​សរុប​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុង​គ្រី​និង​គណៈប្រតិភូ​អមដំណើរ​ទាំងអស់​មាន​ចំនួន សរុប​៨៨៩​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​០៤, ០៥ និង ០៦ វិច្ឆិកា ។​

​អ្នក​ពាក់​ព័​ន្ឋ​ទាំង​៨៨៩​នាក់​នេះ នឹង​ត្រូវ​ក្រសួងសុខាភិបាល​ប្រាប់​ឲ្យ​មក​ធ្វើតេស្ត​ចំនួន​៣​ដង​ទៀត នៅ​វិមាន​មិត្តភាព​ទីស្តីការគណៈរដ្ឋមន្ត្រី គឺ​នៅ​ថ្ងៃ​ទី​០៩ . ១៤ និង​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០២០ ។​

​សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ម៉ោង​៧០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា​នេះ ចំនួន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​គឺ​មាន​ចំនួន​២៩៤​នាក់​(​ស្រី​៦០​នាក់​) ក្នុង​នោះ​អ្នកជា​សះស្បើយ​២៨៨​នាក់​(​ស្រី​៥៨​នាក់​) និង​០៦​នាក់​(​ស្រី​០២​នាក់​)​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​៕