បុរសម្នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនកាលពីថ្ងៃទី០៤ វិច្ឆិកា ២០២០ តាមពាក្យបណ្តឹងរបស់កូនស្រីបង្កើតរបស់ខ្លួនពីបទចាប់រំលោភសេពសន្ថវៈ ។
បើតាមសមត្ថកិច្ច ជនរងគ្រោះជាសិស្សសាលាត្រូវប្រឡងយកសញាញបត្រទុតិយភូមិ(បាក់ឌុប)នៅឆ្នាំនេះ ឈ្មោះ ភ.ផ. អាយុ១៨ឆ្នាំ ។ ឯឪពុកបង្កើតចិត្តតិរច្ឆាន ឈ្មោះ ទ. ភ. អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះជាមួយគ្នា ក្នុងស្រុកពួក ខេត្តសៀមរាប។
នៅចំពោះមុខសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះបានរៀបរាប់ថា អំឡុងឆ្នាំ២០១៤ កាលនាងមានអាយុ១៦ឆ្នាំ ឪពុករបស់នាងតែងមានទំនាស់ជាមួយម្ដាយនាង និងតាមហួងហែងកំណត់ពេលវេលារៀនសូត្រ មិនឱ្យនាងមានមិត្តភក្តិ ឬក៏ដើរលេងខុសម៉ោងសិក្សា។ ជាមួយគ្នានោះ ឪពុករបស់នាងបានព្យាយាមប៉ុន់ប៉ងចាប់រំលោភជាច្រើនដង ។ លុះដល់ថ្ងៃមួយ នាងមិនចាំថ្ងៃ.ខែ វេលាពេលយប់ម៉ោងប្រហែល៧ ខណៈម្ដាយនិងប្អូនស្រី ដើរលេងផ្ទះជិតខាងបាត់ នាងនៅលើផ្ទះតែ២នាក់ឪពុក ពេលនោះឪពុកនាងបានគំរាមបង្ខំសម្រាតសម្លៀកបំពាក់ ហើយចាប់រំលោភនាងរហូតបានសម្រេច រួចគំរាមមិនឱ្យនាងប្រាប់ម្ដាយ ឬអ្នកណាជាដាច់ខាត ។ ក្រោយមកទៀត ឪពុកនៅតែព្យាយាមប៉ុនប៉ងចាប់រំលោភនាងទៀត ប៉ុន្តែនាងព្យាយាមគេចរហូតមក។
លុះដល់ថ្ងៃទី០២ វិច្ឆិកា២០២០ ដោយមានការភ័យខ្លាច ទើបនាងសម្រេចចិត្តប្រាប់រឿងនេះដល់ម្ដាយ និងបានទូរសព្ទទៅប្រាប់បងប្រុសដែលជាកូនម្ដាយនាងជាមួយប្ដីមុន ដែលនៅធ្វើការឯប្រទេសថៃផងដែរ ។ ពេលនោះម្ដាយ និងឪពុកនាងសុំអង្វរនាងកុំឲ្យប្ដឹងផ្ដល់អ្វីដែរ តែនាងមិនព្រម ហើយបានគេចចេញពីផ្ទះទៅរស់នៅផ្ទះពូ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប រួចបានមកដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍ពីសមត្ថកិច្ចតែម្ដង។
ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពរួមភេទ ទៅលើកូនស្រីបង្កើតសម្រេចពិតមែន ហើយត្រូវបានលោកព្រះរាជអាជ្ញា កើត វណ្ណារ៉េត បង្គាប់ឲ្យធ្វើការឃាត់ខ្លួន ជនសង្ស័យរូបនេះជាបណ្ដោះអាសន្ន ៕