ជនសង្ស័យជាមេជួញដូរគ្រឿងញៀននិងបក្ខពួក៣នាក់ ពាក់ព័ន្ឋនឹងការជូញដូរគ្រឿងញៀនជិត១គីឡូក្រាម ត្រូវបានសមត្ថកិច្ចមូលដ្ឋានអះអាងថាបានរត់គេចខ្លួនចេញពីបន្ទប់ឃុំឃាំងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ វិច្ឆិកា ២០២០ ។
មេប៉ូលិសខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានថ្លែងដោយទទួលស្គាល់ថា ពិតជាមានករណីជនសង្ស័យរត់គេចខ្លួននេះមែន ហើយថាពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើង តាមចាប់ខ្លួនជនសង្ស័យត្រឡប់មកវិញ ។
ជនសង្ស័យទាំង៤នាក់ ដែលរត់គេចខ្លួនចេញពីបន្ទប់ឃុំឃាំងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ត្រូវបានសមត្ថកិច្ចអះអាងថាមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ ហ៊ិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៤នាក់ ដែលមិនទាន់ដឹងថាសមត្ថកិច្ចបានចាប់ខ្លួនមកវិញឬយ៉ាងណានោះ គឺត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានននគរបាលខណ្ខមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានល្បាតត្រួតពិនិត្យតាមបណ្ដោយផ្លូវព្រះមុនីរ៉េតទៅដល់មុខវត្តនន្ទមុនី ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ធ្វើការឃាត់ខ្លួនដំបូងជនសង្ស័យ២នាក់ ដែលជិះម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ក៏ឆែកត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លាចំនួន១០កញ្ចប់តូច និង១កញ្ចប់ធំលាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះ វ៉ាន់ ធី កាលពីម៉ោងប្រមាណ១១យប់ ថ្ងៃទី០៤ វិច្ឆិកា ២០២០ ។
ជនសង្ស័យ ឈ្មោះ វ៉ាន់ ធី បានសារភាពថា គេយកថ្នាំញៀនទាំងអស់នេះទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗ នោះជនសង្ស័យសុខ លីន ក៏បានដើរចេញពីក្នុងវត្ត សមត្ថកិច្ចក៏បានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ក្រោយពីស្តាប់ចម្លើយសារភាពរួចមក កម្លាំងសមត្ថកិច្ចក៏បានបន្តទៅឆែកឆេរនៅបន្ទប់ជួលលេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី ក៏បានត្រួតពិនិត្យឃើញម្សៅក្រាមសថ្លាចំនួន៩កញ្ចប់ធំបន្ថែមទៀត ។
ចំពោះវត្ថុតាង និងសម្ភារដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន២០កញ្ចប់ (១០ថង់ធំនិង១០ថង់តូច) , ជញ្ជីងអេឡិចត្រូនិក១ , សំបកថង់ពណ៌លឿង១ , កូនថង់ប្លាស្ទិកមួយចំនួន , ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន , ទូរស័ព្ទដៃចំនួន២គ្រឿង និង ម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BC-1241 ។
អ្វីដែលគួរឲ្យស្តាយគឺនៅពេលនេះ សមត្ថកិច្ចរក្សាទុកបានតែវត្ថុតាងខាងលើ តែជនសង្ស័យរត់គេចខ្លួនដោយសុវត្ថិភាព ដែលការរត់គេចខ្លួនងាយៗយ៉ាងនេះ មិនដឹងថា ជនសង្ស័យខាងលើ ប្រើវិធីបែបណានោះទេ ឬ ក៍អាចថា មកបន្ទប់ឃុំឃាំងនៃនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ២ ធ្លុះធ្លាយជញ្ជាំងប្រហោង ឬ មានរូងក្រោមដី ដែលជនសង្ស័យធ្លាប់ចេញចូលញឹកញាប់ឬយ៉ាងណានោះទេ ? ឬ អាចមកពីកងកម្លាំងប្រចាំការធ្វេសប្រហែស ឬ អស់កម្លាំងសម្រាន្តលក់ស្រួល .ឬក៍ជនសង្ស័យចេះបំបាំងខ្លួន ជ្រែកដីដូចក្នុងរឿងព្រេងនិទានខ្មែរ ?៕