ប៊ុន ធឿន ក្នុងរឿងផ្កាស្រពោនកម្សត់ណាស់ ឯមេឆ្នោតជនជាតិយួនឈ្មោះ ប៊ុន ធឿន បែរជាមានបារមី

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កើត សាំង បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ភ្នាក់ងារ​កត់​កន្ទុយលេខ​ឲ្យ​គេ ឬ ភាសា​មួយទៀត​គេ​ហៅ​កូនកញ្ច្រែង​ចំនួន​២​នាក់ ដោយ​ផ្តន្ទាទោស​ក្នុង​ម្នាក់​ដាក់​ព​ន្ឋ​នាគារ​ចំនួន​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល តែ​ទោស​នេះ​ត្រូវ​ព្យួរ ។​

​ការ​ផ្តន្ទាទោស​ពី​សំណាក់​លោក​ចៅក្រម​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​អយ្យការ លោក​ព្រះរាជអាជ្ញា​រង ស៊ិ​ត វណ្ណៈ បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​២​នាក់ ដែល​ជា​ភ្នាក់ងារ​ធ្វើការ​ឲ្យ​ថៅកែ​ជនជាតិ​វៀតណាម​ឈ្មោះ ប៊ុ​ន ធឿ​ន មាន​សញ្ញា​សម្គាល់ C56  រួច​បញ្ជូន​ជន​ត្រូវ​ចោទ​និង​សំណុំរឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់ ។​

​មេ​ឆ្នោត​ជនជាតិ​វៀតណាម ដែល​មាន​សញ្ញា​សម្គាល់ C56 ឈ្មោះ ប៊ុ​ន​ធឿ​ន មិន​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​នោះ​ទេ តែ​តុលាការ​បែរជា​ផ្តន្ទាទោស​ភ្នាក់ងារ​២​នាក់ នៃ​ឆ្នោត​វៀតណាម នេះ ដាក់​ពន្ធនាគារ​ម្នាក់​ៗ១​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​ព្យួរ ។​
​តាម​ប្រភព​ព័ត៌មាន បាន​បង្ហើប​ប្រាប់ CPC NEWS ថា នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​២​នាក់ ជា​ភ្នាក់ងារ​នៃ​ឆ្នោត​វៀតណាម​ដែល​មាន​សញ្ញា​សម្គាល់ C56 របស់​ថៅកែ​ឈ្មោះ ប៊ុ​ន​ធឿ​ន ពី​បទ​ភ្នាក់ងារ​ល្បែងស៊ីសង រួច​បញ្ជូន​ជន​ត្រូវ​ចោទ​និង​សំណុំរឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់ ។​

​ប្រភព​ពី​សាលាដំបូង​បាន​បញ្ជាក់​ថា ភ្នាក់ងារ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ ធុ​យ ស៊ី​ត្រៃ អាយុ​២១​ឆ្នាំ និង ឈ្មោះ សេង សុខ​ភី អាយុ​២៥​ឆ្នាំ តែ​ក្រោយ​ប្រកាស​សាលក្រម​នោះ​រួច​មក ក៍បាន​ដោះ​លែង​វិញ​(​ទោស​ព្យួរ​)​។​
​គួរ​បញ្ជាក់​ដែរ​ថា ភ្នាក់ងារ​ឆ្នោត​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដង្កោ​បង្ក្រាប​កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​០៥ វិច្ឆិកា ២០២០ នៅ​ចំណុច​មុខ​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង សាលា​កសិកម្ម​ចំការ​ដូង ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

 

​ក្រុម​អ្នក​តាមដាន​និង​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​ដឹង​សំណុំរឿង​នេះ បាន​លើក​ឡើងជា​ច​ម្ង​ល់​ថា ហេតុ​អ្វី​បានជា​តុលាការ​មិន​ចោទប្រកាន់​និង​ផ្តន្ទាទោស​មេ​ឆ្នោត​ជា​ជនជាតិ​វៀតណាម​ឈ្មោះ ប៊ុ​ន ធឿ​ន បែរជា​មក​ចោទប្រកាន់​និង​ផ្តន្ទាទោស​កូនឈ្នួល​ទៅ​វិញ ឬ​មួយ ប៊ុ​ន ធឿ​ន ជា​ជនជាតិ​យួន​នេះ​មាន​បារមី​ខ្ពស់ ខុស​ពី​តួអង្គ ប៊ុ​ន ធឿ​ន និង នាង វិធា​វី ក្នុង​រឿង​«​ផ្កា​ស្រពោន​» របស់​អ្នក​និ​ព​ន្ឋ​ល្បីឈ្មោះ លោក នូ ហាច ដែល​និ​ព​ន្ឋ​កាលពី​ឆ្នាំ​១៩៣៨ ? ។​

​ជុំវិញ​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​ខាងលើ​នេះ​ដែរ នៅ​យប់​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០២០ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​លោក អ៊ី រិ​ន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕