អង្គរក្សខ្មែរម្នាក់ការពារប្រតិភូហុងគ្រីឆ្លងកូវីដ១៩ លោក ហ៊ុន សែន អំពាវនាវឲ្យអ្នកពាក់ព័ន្ឋកុំចល័ត

អង្គរក្ស​ម្នាក់ ជា​ជនជាតិ​ខ្មែរ ដែល​ការពារ​ផ្ទាល់​គណៈប្រតិភូ​ហុង​គ្រី ពេល​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៣ វិច្ឆិកា កន្លង​មកនេះ ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។​

​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ប៉ុន្មាន​នាទី​មុន​នេះ ។​

​អង្គរក្ស​ម្នាក់​នោះ មាន​អាយុ ៣១​ឆ្នាំ ជា​អង្គរក្ស​ការពារ​ផ្ទាល់​ជូន​ប្រតិភូ ដែល​មាន​អាសយដ្ឋាន​នៅ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។ រូបគេ​ចេញ​រោគ​សញ្ញា​ក្តៅខ្លួន ដោយ​មានកំ​ដៅ ៣៦.៤ អង្សារ​សេ​, រមាស់​បំពង់ក​បន្តិច និង​ក្អក​បន្តិចបន្តួច គាត់​ពាក់​មាស់​ជាប់​ពេល​រួម​ដំណើរ​ជាមួយ​គណៈប្រតិភូ ពេល​នេះ​គាត់​កំពុង​ធ្វើច​ត្តា​ទ្បី​ស័ក​។​

​នៅ​ក្នុង​សារ​ជា​សម្លេង លោក ហ៊ុន សែន ក៍បាន​បាន​ចាត់​ទុក​ថា នេះ​ជា​ព័ត៌មាន​ដ៏​គួរ​ឱ្យ​សោកស្តាយ និង ជា​គ្រោះ​ធំ​មួយ​។​

​លោក​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ទាក់ទង​ផ្ទាល់​និង​ដោយ​ប្រយោល​ជាមួយ​រដ្ឋមន្ត្រី ក្រសួងការបរទេស​ហុង​គ្រី ត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំងក្លា ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជា​ពិសេស​ក្រសួងសុខាភិបាល ត្រូវ​តាមដាន​ចំពោះ​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ​បាន​ច្បាស់លាស់​។​

យ៉ាងណាក៍ដោយ លោក ហ៊ុន សែន បានអំពាវនាវឲ្យមានការរួមគ្នានៅក្នុងកាលៈទេសៈដ៍លំបាកនេះ ដើម្បីប្រយុទ្ឋនឹងការរីករាលដាលនៃមេរោគកូវីដ១៩ ។

​ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដើម្បី​រៀបចំ​កន្លែង​ឱ្យ​បាន​សមរម្យ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​មិន​មាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ការ​ចំណាយ​ទាំងអស់​រាជរដ្ឋាភិបាល​ជា​អ្នក​រាប់​រង​ ។

សូម​បញ្ជាក់​ថា បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា​កាលពី​ព្រឹក​មិ​ញ គឺ​មាន​អ្នក​ប៉ះពាល់​នឹង​ប្រតិភូ​ហុង​គ្រី សរុប​កើន​ដល់ ៨៨៩​នាក់ ហើយ​អ្នក​ទាំងអស់​នឹង​ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ចំនួន​៣​ដង​ទៀត​នៅ​វិមាន​មិត្តភាព​ទីស្តីការគណៈរដ្ឋមន្ត្រី គឺ​នៅ​ថ្ងៃ​ទី​០៩ . ១៤ និង ថ្ងៃ​ទី​១៨ វិច្ឆិកា ខាង​មុខ ៕