ទីបំផុតទៅ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលនិងរដ្ឋបាលសាលារាជធានីភ្នំពេញ បានសម្រេចយកសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដែលមានទីតាំងស្ថិតនៅខាងមុខព្រះបរមរាជវាំងត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ សម្រាប់ដាក់អ្នកដែលប៉ះពាល់ផ្ទាល់និងប្រយោលទាំងអស់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយដែលពុំមានលទ្ឋភាពធ្វើចត្តាឡីស័កដោយខ្លួនឯង ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅយប់ថ្ងៃទី០៧ វិច្ឆិកានេះ ។
ការយកសណ្ឋាគារខាងលើ សម្រាប់ដាក់អ្នកដែលមានការប៉ះពល់នឹងរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ហើយដែលពុំមានលទ្ឋភាពធ្វើចត្តាឡីស័កដោយខ្លួនឯង បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយព័ត៌មានថាមានអង្គរក្សខ្មែរម្នាក់ដែលការពារប្រតិភូក្រសួងការបរទេសហុងគ្រី ដែលមកបំពេញទស្សនកិច្ចផ្លូវការកាលពីថ្ងៃទី០៣ វិច្ឆិកាកន្លងមកនេះ ត្រូវបានរកឃើញថាឆ្លងមេរោគកូវីដ១៩ ។ បើតាមលោក ហ៊ុន សែន អង្គរក្សម្នាក់នោះ មានអាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនប្រតិភូ ដែលមានអាសយដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រីបានចាត់ទុកការរកឃើញមេរោគកូវីដ១៩លើអង្គរក្សរូបនេះថា ជាព័ត៌មានដ៏គួរឱ្យសោកស្តាយ និង ជាគ្រោះធំមួយ។
លោកប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវដល់អ្នកដែលបានទាក់ទងផ្ទាល់និងដោយប្រយោលជាមួយរដ្ឋមន្ត្រី ក្រសួងការបរទេសហុងគ្រី ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ក្នុងការធ្វើចត្តាឡីស័ក ហើយអំពាវនាវឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាល ត្រូវតាមដានចំពោះអ្នកធ្វើចត្តាឡីស័កឱ្យបានច្បាស់លាស់។
សូមបញ្ជាក់ថា បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាកាលពីព្រឹកមិញ គឺមានអ្នកប៉ះពាល់នឹងប្រតិភូហុងគ្រី សរុបកើនដល់ ៨៨៩នាក់ ហើយអ្នកទាំងអស់នឹងត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន៣ដងទៀតនៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី គឺនៅថ្ងៃទី០៩ . ១៤ និង ថ្ងៃទី១៨ វិច្ឆិកា ខាងមុខ ៕