រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានលើកឡើងក្នុងន័យវាយបកទៅលើមនុស្សមួយចំនួនដែលមាននិន្នាការប្រឆាំង(បក្សប្រឆាំង) ដោយអះអាងនៅថ្ងៃនេះថា «សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានបុណ្យបារមី មានវត្ថុស័ក្តិសិទ្ឋិតាមរក្សាការពារនោះថែមទៀត ។»។
បើតាមទីប្រឹក្សានាយករដ្ឋមន្ត្រីរូបនេះ «លោក ហ៊ុន សែន ធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធដល់ទៅ១០៥ ឆ្លាប់ដើរកាត់ចំការមីនទាំងយប់ងងឹត ធ្លាប់ត្រូវបានគេលបធ្វើឃាត ប៉ុន្តែមិនអាចប៉ះពាល់ដល់អាយុជីវិតលោកបានជាដាច់ខាត ។ បច្ចុប្បន្ន សម្តេចតេជោហ៊ុន សែន មានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បំពេញកិច្ចការងារប្រទេសជាតិជាធម្មតា ។»។
ការលើកឡើងរបស់ពិធីករនយោបាយនៅលើវិទ្យុបាយ័នរូបនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើង បន្ទាប់មជ្ឈដ្ឋានដែលមាននិន្នាការនយោបាយទៅរកគណបក្សប្រឆាំងមួយចំនួនតូច ហាក់សម្តែងការសប្បាយចិត្ត បន្ទាប់ពីដឹងថា លោក ហ៊ុន សែន បានប៉ះពាល់ផ្ទាល់ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី អំឡុងពេលទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី០៣ វិច្ឆិកា ២០២០ ហើយដែលលោកប្រមុខការទូតហុងគ្រីរូបនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃប្រកាសថាបានធ្វើតេស្តឃើញមេរោគកូវីដ១៩ កាលពីយប់ថ្ងៃទី០៣ វិច្ឆិកា ភ្លាមៗ បន្ទាប់ពីចាកចេញពីកម្ពុជា ដើម្បីបន្តបំពេញទស្សនកិច្ចនៅទីក្រុងបាងកក ។
ដោយឡែក នៅប៉ុន្មាននាទីមុននេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដែរថា លោកមានសុខភាពល្អធម្មតា ដោយបញ្ជាក់យ៉ាងដូច្នេះ«ចាប់តាំងពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆិកាមកដល់ពេលនេះខ្ញុំបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយ។គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ពិនិត្យសម្រេចលើសំណើរបស់ក្រសួងស្ថាប័ននិងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ។ អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នកពាក់ព័ន្ធត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨វិច្ឆិកា២០២០។ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងខ្ញុំនិងភរិយាក៏ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀតខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកាដែលពេលនោះសុំកូនៗនាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុកវិញ។បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមកមួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលនិងការអនុវត្តដ៏ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបខ្ញុំនិងភរិយាផងដែរ។ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើងនិងក្នុងប្រទេសយើង។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕»៕