សំណុំរឿងដ៍កក្រើកមួយដែលបានកើតឡើងនៅល្ងាចថ្ងៃទី០៦ វិច្ឆិកា ២០២០នេះ នោះគឺករណីនាយរងនគរបាលប៉ុស្តិ៍ចុងព្រិច ខេត្តឧត្តរមានជ័យ បានយកកាំភ្លើង AK 47 បាញ់ទៅលើមេរបស់ខ្លួន និង នាយផ្នែកស៊ើបការណ៍ បណ្តាលឲ្យស្លាប់ រួចជនដៃដល់ក៍បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។
ជនដៃដល់និងជនរងគ្រោះដែលស្លាប់ ត្រូវបានគេអះអាងថាមានតួនាទីនិងឋានន្តរស័ក្តិដូចតទៅ៖ អនុសេនីយ៍ឯក អុំ ឈយ នាយរងប៉ុស្តិចុងព្រិច ជាជនដៃដល់ ឯជនរងគ្រោះគឺលោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ជានាយប៉ុស្តិ៍ចុងព្រិច និងលោកអនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើប ។
ក្រោយហេតុការណ៍ខាងលើកើតឡើង ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានប្រាប់ប្រព័ន្ឋផ្សព្វផ្សយក្នុងស្រុកថា ករណីខាងលើ មិនមែនផ្តើមចេញពីរឿងគំនុំអ្វីនោះឡើយ គឺកន្លងទៅជនដៃដល់ឈ្មោះ អុំ ឈយ ធ្លាប់បានសុំទៅមើលជំងឺសរសៃប្រសាទរបស់ខ្លួន មុនសុំមកបម្រើការងារវិញ ហើយកកើតមានករណីខាងលើនេះឡើង ។
ចំណុចនេះ ក្រុមអ្នកវិភាគនិងតាមដានសង្គម យល់ឃើញថា ជាហេតុផលដែលមិនសូវសម ព្រោះបើដឹងថាលោក អុំ ឈយ ដែលជាជនដៃដល់កើតមានជំងឺសរសៃប្រសាទមែន អង្គភាពមិនត្រូវអនុញ្ញាតឲ្យគាត់ចូលបម្រើការងារវិញ នៅគ្រាដែលគាត់មិនទាន់ជាសះស្បើយនោះទេ ប៉ុន្តែប្រសិនបើគាត់ជាម្តងហើយ តែជំងឺរើឡើងវិញ ក៍អ្នកបម្រើការងារជាមួយគ្នាដឹងនិងឃើញពីសកម្មភាពប្រចាំថ្ងៃរបស់ជនដៃដល់ និង ត្រូវរាយការណ៍ ឬជូនព័ត៌មានទៅថ្នាក់លើ ដើម្បីមានវិធានការផ្សេងៗតាមច្បាប់ តែចំណុចនេះ លោកស្នងការនគរបាលខេត្តឧត្តរមានជ័យមិនបានបញ្ជាក់លម្អិត តែអ្វីដែលលោក ហួត សុធី លើកឡើងហាក់ចង់សម្រួលស្ថានការណ៍ ឬ ចង់បំបិទសំណុំរឿងការពិតណាមួយ ដែលជាដើមចមឈានទៅការបាត់បង់ជីវិតមនុស្សដល់ទៅ៣នាក់ខាងលើ ។
មួយវិញទៀត ប្រសិនបើជនដៃដល់ ជាមនុស្សសរសៃប្រសាទ កុំថាឡើយដល់ទៅយកធ្វើមន្ត្រីដែលកាន់អាវុធ សូម្បីតែធ្វើកិច្ចការងារផ្សេងៗក្រៅពីមុខងាររាជការសាធារណៈ ក៍គេមិនទទួលយកឲ្យធ្វើការផង ប្រសិនបើគេដឹងតាមរយៈលិខិតបញ្ជាក់សុខភាពរបស់ពេទ្យ ។
យ៉ាងណា ខាងលើនេះ វាគ្រាន់តែជាការមើលឃើញពីសំណាក់អ្នកតាមដានសង្គមនិងអ្នកវិភាគព្រឹត្តិការណ៍សំខាន់ៗនានាមួយចំនួនតូចតែប៉ុណ្ណោះ ។
ចុះលោកអ្នកអាន«អង្រុត» យល់ឃើញបែបណាដែរ ? ៕