ក្រសួងសុខាភិបាលបានរកឃើញមេរោគកូវីដ១៩ លើបុរសជនជាតិឥណ្ឌាម្នាក់និងប៉ាគីស្ថានម្នាក់ ដែលទើបចូលមកក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី០៥ វិច្ឆិកា ។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដដែលបានបញ្ជាក់ទៀតថា បុរសជនជាតិឥណ្ឌា អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់លេខ០៤ ក្រុងព្រះសីហនុ និង បុរសជានជាតិប៉ាគីស្ថាន អាយុ៣៥ឆ្នាំ ស្នាក់នៅបឹងកក់១ ខណ្ឌទួលគោក ទាំង២នាក់បានធ្វើដំណើរឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូង មុនពេលមកដល់កម្ពុជាកាលពីថ្ងៃទី០៥ វិច្ឆិកា ។
បន្ទាប់ពីមានលទ្ឋផលវិជ្ជមាន(មានមេរោគកូវីដ១៩) ដែលផ្តល់ដោយវិទ្យសា្ថនប៉ាស្ទ័រកម្ពុជា ពួកគេទាំង២នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) ។
ក្រៅពីរកឃើញករណីវិជ្ជមានលើបុរសជនជាតិឥណ្ឌានិងប៉ាគីស្ថានខាងលើ ក្រសួងក៍បានបញ្ជាក់ដែរថា ក៍មានករណីជាសះស្បើយ២នាក់ផងដែរត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកជាសះស្បើយទាំង២នាក់ គឺជាស្ត្រីជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋាននៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់និងបន្តជើងហោះហើរនៅទីក្រុងដូហា និងប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់កម្ពុជា នៅថ្ងៃទី១៨ តុលា ២០២០ និងបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាកាលពីថ្ងៃទី២៦ តុលា ២០២០។
ដោយឡែក បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៧ វិច្ឆិកា ២០២០នេះ ក៍បានបញ្ជាក់ឲ្យដឹងដែរថា មានអ្នកពាក់ព័ន្ឋប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ចំនួន៤៩នាក់ទៀត ត្រូវបានធ្វើតេស្តកាលពីថ្ងៃទី០៦ វិច្ឆិកា តែជាលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមាន(គ្មានផ្ទុកមេរោគកូវីដ១៩)ទាំងអស់។
សរុបអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីនិងគណៈប្រតិភូអមដំណើរទាំងអស់មានចំនួន សរុប៨៨៩នាក់ គិតត្រឹមថ្ងៃទី០៤, ០៥ និង ០៦ វិច្ឆិកា ។
អ្នកពាក់ព័ន្ឋទាំង៨៨៩នាក់នេះ នឹងត្រូវក្រសួងសុខាភិបាលប្រាប់ឲ្យមកធ្វើតេស្តចំនួន៣ដងទៀត នៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី គឺនៅថ្ងៃទី០៩ . ១៤ និងថ្ងៃទី១៨ វិច្ឆិកា ២០២០ ។
សូមបញ្ជាក់ដែរថា គិតត្រឹមម៉ោង៧០០នាទីព្រឹកថ្ងៃទី០៧ វិច្ឆិកានេះ ចំនួនអ្នកផ្ទុកមេរោគកូវីដ១៩ដែលត្រូវបានរកឃើញនៅទូទាំងប្រទេសកម្ពុជាគឺមានចំនួន២៩៤នាក់(ស្រី៦០នាក់) ក្នុងនោះអ្នកជាសះស្បើយ២៨៨នាក់(ស្រី៥៨នាក់) និង០៦នាក់(ស្រី០២នាក់)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី៕