អង្គរក្សម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ វិច្ឆិកា កន្លងមកនេះ ត្រូវបានរកឃើញថាឆ្លងមេរោគកូវីដ១៩។
នេះបើយោងតាមសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីប៉ុន្មាននាទីមុននេះ ។
អង្គរក្សម្នាក់នោះ មានអាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនប្រតិភូ ដែលមានអាសយដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ រូបគេចេញរោគសញ្ញាក្តៅខ្លួន ដោយមានកំដៅ ៣៦.៤ អង្សារសេ, រមាស់បំពង់កបន្តិច និងក្អកបន្តិចបន្តួច គាត់ពាក់មាស់ជាប់ពេលរួមដំណើរជាមួយគណៈប្រតិភូ ពេលនេះគាត់កំពុងធ្វើចត្តាទ្បីស័ក។
នៅក្នុងសារជាសម្លេង លោក ហ៊ុន សែន ក៍បានបានចាត់ទុកថា នេះជាព័ត៌មានដ៏គួរឱ្យសោកស្តាយ និង ជាគ្រោះធំមួយ។
លោកប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវដល់អ្នកដែលបានទាក់ទងផ្ទាល់និងដោយប្រយោលជាមួយរដ្ឋមន្ត្រី ក្រសួងការបរទេសហុងគ្រី ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ក្នុងការធ្វើចត្តាឡីស័ក ហើយអំពាវនាវឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាល ត្រូវតាមដានចំពោះអ្នកធ្វើចត្តាឡីស័កឱ្យបានច្បាស់លាស់។
យ៉ាងណាក៍ដោយ លោក ហ៊ុន សែន បានអំពាវនាវឲ្យមានការរួមគ្នានៅក្នុងកាលៈទេសៈដ៍លំបាកនេះ ដើម្បីប្រយុទ្ឋនឹងការរីករាលដាលនៃមេរោគកូវីដ១៩ ។
ជាមួយគ្នានេះលោក ហ៊ុន សែន ក៏បានបញ្ជាឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីរៀបចំកន្លែងឱ្យបានសមរម្យដើម្បីធ្វើចត្តាឡីស័កដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័ក ដោយការចំណាយទាំងអស់រាជរដ្ឋាភិបាលជាអ្នករាប់រង ។
សូមបញ្ជាក់ថា បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាកាលពីព្រឹកមិញ គឺមានអ្នកប៉ះពាល់នឹងប្រតិភូហុងគ្រី សរុបកើនដល់ ៨៨៩នាក់ ហើយអ្នកទាំងអស់នឹងត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន៣ដងទៀតនៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី គឺនៅថ្ងៃទី០៩ . ១៤ និង ថ្ងៃទី១៨ វិច្ឆិកា ខាងមុខ ៕