ស្ថានភាពការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញនិយាយដោយឡែក គឺបាននិងកំពុងស្ថិតក្នុងក្តីបារម្ភបំផុតពីការឆ្លងចូលក្នុងសហគមន៍ ក្រោយពេលដែលក្រសួងសុខាភិបាលបានប្រកាសកាលពីព្រលប់ថ្ងៃនេះថាតំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ក៍ដូចជាឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជានិងវៀតណាមរកឃើញថាមានផ្ទុកមេរោគកូវីដ១៩ ។
ក្តីបារម្ភខាងលើ មិនត្រឹមតែក្រុមអ្នកតាមដានសង្គមមួយចំនួនតូចប៉ុណ្ណោះនោះទេ សូម្បីតែលោកនាយករដ្ឋន្ត្រី ហុន សែន ក៍បារម្ភជាងនេះទៀត ដោយលោកបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតទៅលើស្ថានភាពជំងឺកូវីដ១៩ ក្រោយពីដឹងថារដ្ឋមន្ត្រីការបរទេសហុងគ្រីដែលមកទស្សនកិច្ចផ្លូវការកាលពីថ្ងៃទី០៣ វិច្ឆិកា ២០២០ ឆ្លងកូវីដ១៩ អង្គរក្សការពារប្រតិភូជាន់ខ្ពស់ហុងគ្រីត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ១៩នោះរួចមក រហូតដល់លោក ហ៊ុន សែន បានហៅករណីនេះថាជា«ព្រឹត្តិការណ៍៣វិច្ឆិកា»នោះថែមទៀត ។
«អង្រុត» មិនចាំបាច់រៀបរាប់ ឬ លើកយកនូវព័ត៌មានទាក់ទងទៅនឹងបញ្ហាកូវីដ១៩មកបង្ហាញឲ្យខាតពេលវេលានោះទេ សំខាន់អ្នកដែលដឹងខ្លួនថាមានការប៉ះពាល់ដោយផ្ទាល់ ឬប្រយោលក្តីជាមួយអ្នកដែលឆ្លងកូវីដ១៩ ត្រូវប្រញាប់ទៅធ្វើតេស្តនិងធ្វើចត្តាឡីស័កដោយខ្លួនឯង(ដាក់ខ្លួនឯងឲ្យនៅឆ្ងាយពីក្រុមគ្រួសារនិងសហគមន៍) ហើយបើគ្មានលទ្ឋភាពទេគឺរាជរដ្ឋាភិបាលជាអ្នករ៉ាប់រងទាំងអស់ ។ ចំណែកពលរដ្ឋដែលពុំមានមេរោគកូវីដ១៩ គឺត្រូវតែអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលជាចាំបាច់ដូចជាលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិតជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម និងការរក្សាគម្លាតជាដើម ។
សូមរួមគ្នាជួយទប់ស្កាត់មេរោគកូវីដ១៩ទាំងអស់គ្នា ដើម្បីគ្រួសារនិងសហគមន៍គ្មានកូវីដ១៩ ៕