ព័ត៌មានបឋមពីមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា នៅខណៈនេះកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិងកម្លាំងមូលដ្ឋានកំពុងឡោមព័ទ្ឋឧក្រិដ្ឋជនជួញដូរគ្រឿងញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ការឡោមព័ទ្ឋនេះ បានធ្វើឡើងក្រោយពេលដែនឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបាន់បាញ់មកលើសមត្ថកិច្ច១គ្រាប់កាលពីម៉ោងប្រមាណ៣និង៣០នាទីរសៀលថ្ងៃទី១០ វិច្ឆិកា ២០២០ ។
ចំណែកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅរសៀលនេះដែរថា ជនសង្ស័យត្រូវបានកម្លាំងរបស់លោកធ្វើការឡោមព័ទ្ធ ខណៈជនល្មើសបានលាក់ខ្លួននៅក្នុងទីតាំងខាងលើ ព្រមទាំងបានបាញ់ចំនួន ១គ្រាប់ សំដៅមកលើសមត្ថកិច្ច។
លោកស្នងការបន្តថា លោកបានបញ្ជាឲ្យកម្លាំងធ្វើការដកខ្លួនចេញពីទីតាំងជនសង្ស័យលាក់ខ្លួននោះសិន ដើម្បីរកវិធានការឱ្យជនសង្ស័យ ចាកចេញពីកន្លែងនោះ ឈានទៅដល់ការឃាត់ខ្លួន។
លោកបន្តថា ពេលនេះលោក ក៏បានបញ្ជូនកម្លាំងខាងព្រហ្មទណ្ឌនៅខេត្ត សហការជាមួយនិងនគរបាលស្រុកស្អាង និងកម្លាំងអន្តរាគមន៍ ចុះទៅកាន់ទីនោះ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ ទោះ បន្ទាប់ពីយើងដឹងថាជនសង្ស័យនាំយកមកជាមួយនូវកាំភ្លើងអាកា ថែមទាំងបានបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ១គ្រាប់។ ប៉ុន្តែសំណាងល្អមិនមានកងកម្លាំងរបស់យើងណាម្នាក់រងគ្រោះពីការបាញ់នោះទេ។
បើមានព័ត៌មានបន្ថែម«អង្រុត» នឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ៕