យោងតាមគណនីឈ្មោះ ឧបាសិកា រ៉េត រស្មី បានរៀបរាប់ពីរឿងហួសចិត្តមួយដែលក្រុមគ្រួសារបុរសម្នាក់បាននាំបងប្អូនទៅផ្ទះខាងកូនក្រមុំ ដើម្បីចូលស្តីដណ្តឹង ស្រាប់តែពេលទៅដល់ទីតាំងដែលខាងស្រីបានប្រាប់ក៏ទាក់ទងលែងចូល និងដើរសួរគេពេញភូមិថាស្គាល់ទេ ចុងក្រោយទើបដឹងថាចាញ់បោកគេ ក៏សម្រេចចិត្តឡើងឡានមួយគ្រួសារទៅស្រុកវិញ ។
ដោយមិនចាំបាច់អត្ថាធិប្បាយបន្ថែម«អង្រុត»សូមលើកយកខ្លឹមសារទាំងស្រុងរបស់គណនីខាងលើមកបង្ហាញទុកជាមេរៀនដូចតទៅ ៖
«ករណីបោកស្នេហ៍ខាងប្រុសឱ្យមកដណ្ដឹងតាមហ្វេសប៊ុក ព្រឹកមិញ9/11/20/20 ខ្ញុំអាណិតចាស់ទុំខាងកូនកំលោះ និងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹក មកពីភ្នំព្រះ ខេត្តកំពង់ស្ពឺ មកដល់ខេត្តកណ្ដាលចំមុខផ្ទះខ្ញុំ និងវត្តត្មាតពង គាត់គិតថាជិតដល់ហើយ ខលទៅខាងកូនក្រមុំជិត100ដង ដូរលេខខលផង ក៏មិនលើក ហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវពួកគាត់ដើរសួរគេរកកូនក្រមុំផ្អើលឡើងមួយភូមិ ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុកពួកគាត់បានទាក់ទងគ្នា កូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថតស្រីនោះតែមិនមែនអ្នកស្រុកភូមិខ្ញុំទេ តែកូនកំលោះនិងចាស់ទុំ ខាងគាត់ថានៅត្រពាំងកក់ ជាប់ភូមិខ្ញុំ ។រហូតដល់ម៉ោង11:30នាទី ទើបខ្ញុំនិយាយជាមួយកូនកំលោះ និងចាស់ទុំខាងគាត់ថា គេបោកប្អូនឯងតាមហ្វេសប៊ុកទេដឹងអូន ហើយក៏ខ្ញុំនិយាយថា បើគេពិតជាឱ្យប្អូនទៅដណ្ដឹងគេមែន គេប្រាកដជាខ្វាយខ្វល់ខលរកប្អូនថាមកដល់ណាៗហើយអូនខ្ញុំប្រាប់ពួកគាត់សង្ស័យតែគេបោកទេដឹង ខាងប្រុសពួកគាត់ស្ដាប់គំនិតពួកខ្ញុំហើយក៏ សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅ ទីបំផុតខាងខ្ញុំបានរកឃើញថា ខាងកូនក្រមុំនោះ បោកគេមែនហើយមានប្ដីទៀតផង ហួសចិត្តម៉ង បើយើងមិនបានជួយគេសូមកុំធ្វើបាបគេ» ៕