ទីបំផុតទៅ សមត្ថកិច្ចខេត្តកណ្តាលបានចាប់បានខ្លួនបុរសម្នាក់ដែលសមត្ថកិច្ចអះអាងថាជាមេខ្លោងជួញដូរគ្រឿងញៀន បន្ទាប់ពីបានឡោមព័ទ្ឋប្រើពេលជាង១០ម៉ោងនោះរួចមក ។
ការឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនខាងលើ បានធ្វើឡើងនៅម៉ោងជិត២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ វិច្ឆិកា ២០២០ នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
ការឡោមព័ទ្ឋនិងឈានទៅចាប់ខ្លួនមេខ្លោងជួញដូរនេះដែរ បានធ្វើឡើងក្រោយពេលដែលឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបានប្រើកាំភ្លើង AK 47 បាញ់មកលើសមត្ថកិច្ច១គ្រាប់កាលពីម៉ោងប្រមាណ៣និង៣០នាទីរសៀលថ្ងៃទី១០ វិច្ឆិកា ២០២០ ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឲ្យដឹងកាលពីរសៀលថ្ងៃម្សិលមិញថា ជនសង្ស័យត្រូវបានកម្លាំងរបស់លោកធ្វើការឡោមព័ទ្ធ ខណៈជនល្មើសបានលាក់ខ្លួននៅក្នុងទីតាំងខាងលើ ព្រមទាំងបានបាញ់ចំនួន ១គ្រាប់ សំដៅមកលើសមត្ថកិច្ច។
លោកស្នងការបន្តថា លោកបានបញ្ជាឲ្យកម្លាំងធ្វើការដកខ្លួនចេញពីទីតាំងជនសង្ស័យលាក់ខ្លួននោះសិន ដើម្បីរកវិធានការឱ្យជនសង្ស័យ ចាកចេញពីកន្លែងនោះ ឈានទៅដល់ការឃាត់ខ្លួន។
លោកបន្តថា ពេលនេះលោក ក៏បានបញ្ជូនកម្លាំងខាងព្រហ្មទណ្ឌនៅខេត្ត សហការជាមួយនិងនគរបាលស្រុកស្អាង និងកម្លាំងអន្តរាគមន៍ ចុះទៅកាន់ទីនោះ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ ទោះ បន្ទាប់ពីយើងដឹងថាជនសង្ស័យនាំយកមកជាមួយនូវកាំភ្លើងអាកា ថែមទាំងបានបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ១គ្រាប់ ប៉ុន្តែសំណាងល្អមិនមានកងកម្លាំងណាម្នាក់រងគ្រោះពីការបាញ់នោះទេ។
បើតាមសមត្ថកិច្ចមេខ្លោងគ្រឿងញៀន ឈ្មោះ លៀន ទិត្យ មានប្រពន្ឋនិងកូន រស់នៅក្នុងភូមិ-ឃុំខាងលើ ។សេចក្តីរាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ទាំងអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងអភិបាលស្រុកស្អាង បានប្រើវិធានការលួងលោមឱ្យជនសង្ស័យ ចូលខ្លួនសារភាព ជាមួយនឹងការលើកទឹកចិត្ត ដោយមិនចាប់កំហុស ឬផ្ដន្ទាទោស ដែលជាវិធានការឲ្យជនសង្ស័យចូលខ្លួនឲ្យសមត្ថកិច្ចចាប់ខ្លួន។
បន្ទាប់ពីមានករណី ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឡើងដោយជនសង្ស័យ មេខ្លោងគ្រឿងញៀន បាញ់ជាច្រើនគ្រាប់ ដោយកាំភ្លើងAK មកលើសមត្ថកិច្ចនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រើយុទ្ធសាស្ត្រ ឲ្យកម្លាំងធ្វើការដកថយ និងវិធានការការពារខ្លួន។ ដំណាក់ការដំបូង បានរំដោះប្រពន្ធជនសង្ស័យ ពីទីតាំងកន្លែងពួកគេលាក់ខ្លួន ដើម្បីបញ្ចៀសពីការយកប្រពន្ធធ្វើជាចំណាប់ខ្មាំងគំរាមលើសមត្ថកិច្ចក្នុងប្រតិបត្តិការ។
លោកផ្កាយ២វ័យក្មេង ឈឿន សុចិត្ត បានថ្លែងប្រាប់«នគរដ្រេហ្គន» ថាបន្ទាប់ពីរំដោះនិងឃាត់ខ្លួនប្រពន្ធជនសង្ស័យជាមេខ្លោងគ្រឿងញៀននោះរួចមក សមត្ថកិច្ចក៍រកវិធីឱ្យ កូនជនសង្ស័យចាកចេញពីផ្ទះមេខ្លោងគ្រឿងញៀនលាក់ខ្លួន ដោយជម្លៀសកូនជនសង្ស័យចេញពីទីតាំងកន្លែងកើតហេតុ ទៅកាន់ផ្ទះរបស់ឪពុកម្ដាយជនសង្ស័យ។ ក្នុងដំណាក់កាលនេះ ជនសង្ស័យ បានប្រើអាវុធបាញ់ជាច្រើនគ្រាប់ មកលើសមត្ថកិច្ច និងបានដុតផ្ទះដើម្បីជាការបំភ័ន្តសមត្ថកិច្ចហើយគេចខ្លួន ។
ក្រោយដុតផ្ទះរួច ជនសង្ស័យបានមកសំងំលាក់ខ្លួនក្នុងផ្ទះឪពុកម្ដាយរបស់គេ ។ បន្ទាប់ពីបានទទួលព័ត៌មាន ជាមួយនឹងការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុតពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ជនសង្ស័យជាមេខ្លោងគ្រឿងញៀន ក៏ត្រូវបានឃាត់ខ្លួននៅម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ វិច្ឆិកា ដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងអភិបាលស្រុកស្អាង បានទូរសព្ទទៅកាន់ជនសង្ស័យ ឲ្យប្រគល់អាវុធមកឲ្យអាជ្ញាធរនិងសមត្ថកិច្ច ជាមួយនឹងការធានា មិនឃាត់ខ្លួន មិនធ្វើការផ្ដន្ទាទោស ហើយអ្វីដែលជនសង្ស័យបានបាញ់មកលើសមត្ថកិច្ច ក៏មិនឱ្យមានការជាប់ទោសទណ្ឌ។
ចំពោះការដុតផ្ទះក៏អាជ្ញាធរនិងសមត្ថកិច្ច ធានាជួសជុលធ្វើថ្មីវិញ។ ក្នុងនោះក៏ឱ្យជនសង្ស័យប្រគល់អាវុធ និងចូលសារភាព ផ្ដល់ជារង្វាន់លើកទឹកចិត្តចំនួន ៥០០ដុល្លារ។ ដោយឡែកប្រពន្ធជនសង្ស័យ ដែលសមត្ថកិច្ចរំដោះយកនិងឃាត់ខ្លួន ក៏បានព្យាយាមទូរស័ព្ទ ទៅកាន់ប្ដីដែលជាជនសង្ស័យ អោយចូលសារភាព និងបញ្ឈប់សកម្មភាព ការប្រើប្រាស់អាវុធបាញ់មកលើសមត្ថកិច្ច។
ទីបំផុត ជនសង្ស័យជាមេខ្លោងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានដោយជោគជ័យ និងនាំខ្លួនមកកាន់ ស្នងការនគរបាលខេត្តកណ្ដាល ទាំង កណ្ដាលអធ្រាត្រ ដើម្បីធ្វើកំណត់ហេតុ ស្ដាប់ចម្លើយ និងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវរកក្រុមជនសង្ស័យដែលបានពាក់ព័ន្ធក្នុងបទល្មើសគ្រឿងញៀនថែមទៀត៕