ខណៈនេះ សមត្ថកិច្ចកំពុងឡោមព័ទ្ឋឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដែលបាញ់មកលើសមត្ថកិច្ច

ព័ត៌មាន​បឋម​ពី​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នៅ​ខណៈ​នេះ​កងកម្លាំង​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​និង​កម្លាំង​មូលដ្ឋាន​កំពុង​ឡោម​ព័​ទ្ឋ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ការ​ឡោម​ព័​ទ្ឋ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែន​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​បាន់​បាញ់​មក​លើ​សមត្ថកិច្ច​១​គ្រាប់​កាលពី​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ វិច្ឆិកា ២០២០ ។​

​ចំណែក​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​រសៀល​នេះ​ដែរ​ថា​  ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​របស់​លោក​ធ្វើការ​ឡោម​ព័ទ្ធ ខណៈ​ជនល្មើស​បាន​លាក់ខ្លួន​នៅ​ក្នុង​ទីតាំង​ខាងលើ ព្រមទាំង​បាន​បាញ់​ចំនួន ១​គ្រាប់ សំដៅ​មក​លើ​សមត្ថកិច្ច​។​

​លោកស្នងការ​បន្ត​ថា លោក​បានបញ្ជា​ឲ្យ​កម្លាំង​ធ្វើការ​ដកខ្លួន​ចេញពី​ទីតាំង​ជនសង្ស័យ​លាក់ខ្លួន​នោះ​សិន ដើម្បី​រក​វិធានការ​ឱ្យ​ជនសង្ស័យ ចាក​ចេញពី​កន្លែង​នោះ ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​។​

​លោក​បន្ត​ថា ពេល​នេះ​លោក ក៏​បាន​បញ្ជូន​កម្លាំង​ខាង​ព្រហ្មទណ្ឌ​នៅ​ខេត្ត សហការ​ជាមួយ​និង​នគរបាល​ស្រុក​ស្អាង និង​កម្លាំង​អន្តរាគមន៍ ចុះ​ទៅ​កាន់​ទីនោះ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ជាមួយនឹង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ទោះ បន្ទាប់​ពី​យើង​ដឹង​ថា​ជនសង្ស័យ​នាំ​យក​មក​ជាមួយ​នូវ​កាំភ្លើង​អាកា ថែម​ទាំង​បាន​បាញ់​សំដៅ​មក​លើ​សមត្ថកិច្ច​ចំនួន ១​គ្រាប់​។ ប៉ុន្តែ​សំណាងល្អ​មិន​មាន​កងកម្លាំង​របស់​យើង​ណា​ម្នាក់​រង​គ្រោះ​ពី​ការ​បាញ់​នោះ​ទេ​។​

​បើ​មាន​ព័ត៌មាន​បន្ថែម​«​អង្រុត​» នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ៕