ជនជាតិយួន៦នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ៥នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររថយន្តងងុយដេក ធ្វើឲ្យរេចង្កូតធ្លាក់ចូលប្រឡាយដែលមានទឹក កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ វិច្ឆិកា ២០២០កន្លងមកនេះ គឺសុទ្ឋតែជាអ្នកលួចឆ្លងដែនខុសច្បាប់។
នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលការងារអន្តោប្រវេសន៍ដែលប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកកាលពីពេលថ្មីៗនេះ ។
បើតាមលោកស្នងការរងជនជាតិយួនទាំង១១នាក់(ស្លាប់៦នាក់)នោះ ពួកគេរស់នៅខេត្តហាទិញប្រទេសវៀតណាម ។ ពួកគេត្រូវបានមេខ្យល់ជនជាតិយួនដូចគ្នា បានណែនាំឲ្យទៅធ្វើការនៅប្រទេសថៃ និងតម្រូវឲ្យបង់លុយក្នុងម្នាក់ៗប្រមាណ៦៥០ដុល្លារអាមេរិក ហើយមេខ្យល់ទទួលបានពីជនជាតិយួនទាំង១១នាក់នោះដោយក្នុងម្នាក់ៗបង់ឲ្យមេខ្យល់៦០ដុល្លារ ។
លោកផ្កាយ១ ជា គឹមសាន្តបន្តថា បន្ទា់ពីទទួលបានលុយគ្រប់ចំនួនហើយ នៅរសៀលថ្ងៃទី០៥ វិច្ឆិកា ២០២០ មេខ្យល់មិនស្គាល់អត្តសញ្ញាណនោះ បានឲ្យរថយន្តមួយគ្រឿងដឹកពួកគេមកដល់ខេត្តតៃនិញនៅវេលាម៉ោង៧យប់ រួចក៍ឡើងជិះម៉ូតូ៦គ្រឿងដែលរង់ចាំទទួលពួកគេរួចជាស្រេច ជិះឆ្លងដែនចូលទឹកដីកម្ពុជាខុសច្បាប់ ហើយជិះកាត់តាមចំការកៅស៊ូដោយមិនមានការបើកភ្លើងម៉ូតូអស់រយៈពេល៣០នាទី ក៍មកដល់ទីតាំងណាត់ជួប ហើយពួកគេក៍បានឡើងរថយន្តបើកបរដោយជនជាតិខ្មែរនិងជារថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ ។
ប្រភពបន្តថា លុះមកដល់ចំណុចកើហេតុ អ្នកបើកបររថយន្តងងុយដេក ក៍រេចង្កូតធ្លាក់ចូលប្រឡាយមានទឹក បណ្តាលឲ្យស្លាប់សរុប៧នាក់(អ្នកបើកបរខ្មែរម្នាក់) និងរបួស៥នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ វិច្ឆិកា។
រថយន្តដែលជួបគ្រោះថ្នាក់ខាងលើម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 2A-8469 បើកបរដោយជនជាតិខ្មែរមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ ៕