ម៉ាស់ចំនួន២លានម៉ាស់ និង បរិក្ខាពេទ្យសម្រាប់ប្រឆាំងជំងឺកូវីដ-១៩ មួយចំនួនធំ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្តល់ជំនួយជូននាយករដ្ឋមន្ត្រីឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
បើតាម FN ការប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួនខាងលើនេះ បានធ្វើឡើងខណៈលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីប្រទេសឡាវ បានទូរស័ព្ទដោយផ្ទាល់សាកសួរសុខទុក្ខអំពីស្ថានភាពសុខភាពរបស់លោក ហ៊ុន សែន និងភរិយា ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន នារសៀលថ្ងៃទី១៤ វិច្ឆិកា ២០២០នេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នឹងនាំយកម៉ាស់ និងបរិក្ខាពេទ្យដែលសម្រាប់បម្រើការងារលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទាំងអស់ ដឹកតាមយន្តហោះទៅកាន់ប្រទេសឡាវនៅព្រឹកថ្ងៃច័ន្ទ សប្តាហ៍ក្រោយ ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៨និង៥១នាទីយប់ថ្ងៃសៅរ៍ដដែលនេះ ឡាវបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ សរុបទួទាំងប្រទេសចំនួន ២៤នាក់ ក្នុងនោះជាសះស្បើយ ២៣នាក់ ៕