ក្រុមបាតុករនិងក្រុមគំាទ្រស្តេចប៉ះទង្គិចគ្នាកណ្តាលក្រុងបាងកក

ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុ​ទ្ឋ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង បាន​ប៉ះទង្គិច​គ្នា​ជា​ក្រុម​អាវ​លឿង​ដែល​គាំទ្រ​ព្រះមហាក្សត្រ​ថៃ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​ពី​អ្នក​រង​របួស​នោះ​ទេ ។​

​បើ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ថៃ ក្រុម​បាតុករ​ថៃ​រាប់​ពាន់​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ជា​ថ្មី នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០២០​នេះ ដើម្បី​ទាមទារ​ឲ្យ លោក ប្រា​យុ​ទ្ឋ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង ការ​កែទម្រង់​រដ្ឋធម្មនុញ្ញ និង ធ្វើ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​(​ការ​កត់​បន្ថយអំណាច​ស្តេច​) ។​

​បាតុករ​ដែល​ភាគច្រើន​ជា​ក្រុម​អាវ​ក្រហម​ថៃ ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​គ្នា​ជិត​៣​ពាន់​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ទីក្រុង​បាងកក ខណៈ​នៅ​ក្បែរ​ទីកន្លែង​បាតុកម្ម​តែ​ប៉ុន្មាន​គីឡូម៉ែត្រ ក្រុម​អ្នកគាំទ្រ​ព្រះមហាក្សត្រ​ដែល​ពាក់អាវ​លឿង ក៍បាន​ដង្ហែរ​ក្បួន​គាំទ្រ​ព្រះមហាក្សត្រ ហើយក៍​មានការ​ប៉ះទង្គិច​គ្នា​នៅ​គ្រា​ក្បួន​ហែ​ជួប​គ្នា​។​

 

​យ៉ាងណា អំពើ​ហិង្សា​មិន​បាន​កើតឡើង​យូរ​ទេ ព្រោះ​កងកម្លាំង​ប៉ូលិស​ថៃ​៥០០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សុវត្ថិភាព ហើយ​ពួក​គេ​(​ប៉ូលិស​) ក៍បាន​បំបែក​ក្រុម​ទាំង​ពីរ​ភ្លាម​ៗ ៕