នៅសល់តែប្រមាណតែ២ខែទៀតប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចាកចេញពីសេតវិមាន ក្រោយការចាញ់ឆ្នោតលោក ចូ បៃដិន ប៉ុន្តែអ្វីដែលធ្វើឲ្យពលរដ្ឋនិងមេដឹកនាំអាមេរិកជាច្រើនបើកភ្នែកស្រឡាំងកាំងគ្រប់គ្នានោះ គឺព័ត៌មានមួយបានធ្លាយចេញពីសេតវិមានពីការដែលលោកត្រាំ បានបញ្ជាឲ្យវាយកម្ទេចមូលដ្ឋាននុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុន ។
បើតាមប្រព័ន្ឋផ្សព្វផ្សាយបរទេសចេញផ្សាយនៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០២០នេះ ការបញ្ជារបស់លោកត្រាំ ត្រូវបានអនុប្រធានាធិបតីអាមេរិក លោក Mike Pence ,រដ្ឋមន្ត្រីការបរទេស លោក Pompeo ,រដ្ឋមន្ត្រីការពារជាតិ លោកChristopher Miller និង លោកឧត្តមសេនីយ៍ Mark Milley មេបញ្ជាការកងទ័ពអាមេរិក បានរារាំងទាន់ នៅក្នុងកិច្ចប្រជុំបន្ទាន់និងសម្ងាត់មួយកាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុន។
ប្រភពបន្តថា ការចេញបញ្ជាឲ្យវាយកម្ទេចមូលដ្ឋាននុយក្លែអ៊ែររបស់អ៊ីរ៉ង់ តែមិនសម្រេចបំណងរបស់លោកត្រាំកាលពីសប្តាហ៍មុននេះ គឺកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ទទួលបានព័ត៌មានចារកម្មថា អ៊ីរ៉ង់ កំពុងបង្កើនកាន់តែខ្លាំងនូវការបង្កើតឋាមពលនុយក្លេអ៊ែរ ដើម្បីទប់ទល់ជាមួយអាមេរិក ។
សូមបញ្ជាក់ថា កាលពីខែមករាឆ្នាំ២០២០កន្លងមក លោកត្រាំ ធ្លាប់បានបញ្ជាឲ្យវាយសម្លាប់អគ្គមេបញ្ជានៃកងទ័ពរំដោះអ៊ីរ៉ង់ លោក Qassem Soleimani នៅក្បែរមូលដ្ឋានកងទ័ពអាកាសរបស់អ៊ីរ៉ាក់ ដែលការស្លាប់មេទ័ពកំពូលរបស់រដ្ឋអ៊ីស្លាមរូបនេះ បានធ្វើឲ្យប្រជាជននិងរដ្ឋាភិបាលអ៊ីរ៉ង់ថ្កោលទោសយ៉ាងខ្លាំងក្លា និងបានប្រកាសថាខ្លួននឹងសងសឹកអាមេរិកនោះថែមទៀត ។
ចាំមើលថាតើរដ្ឋបាលលោក ចូ បៃដិន ដែលនឹងឡើងកាន់កាប់សេតវិមាននៅខែមករា ឆ្នាំក្រោយនេះ អាចនឹងអនុវត្តន៍តាមគម្រោងរបស់ លោក ត្រាំ ក្នុងការវាយកម្ទេចមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ឬក៍យ៉ាងណា ? ៕