អាមេរិកនិងអ៊ីរ៉ង់ហៀបនឹងផ្ទុះសង្រ្គាមកាលពីសប្តាហ៍មុន កុំតែគេឃាត់លោកត្រាំទាន់

នៅ​សល់​តែ​ប្រមាណ​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ នឹង​ចាក​ចេញពី​សេត​វិមាន ក្រោយ​ការ​ចាញ់ឆ្នោត​លោក ចូ បៃ​ដិ​ន ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​និង​មេដឹកនាំ​អា​មេ​រិ​ក​ជា​ច្រើន​បើកភ្នែក​ស្រឡាំងកាំង​គ្រប់​គ្នា​នោះ គឺ​ព័ត៌មាន​មួយ​បាន​ធ្លាយ​ចេញពី​សេត​វិមាន​ពី​ការ​ដែល​លោក​ត្រាំ បាន​បញ្ជា​ឲ្យ​វាយ​កម្ទេច​មូលដ្ឋាន​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ី​រ៉​ង់​កាលពី​ស​ប្តា​ហ៍​មុន ។​

​បើ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​បរទេស​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០២០​នេះ ការ​បញ្ជា​របស់​លោក​ត្រាំ ត្រូវ​បាន​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក Mike Pence ,​រដ្ឋមន្ត្រី​ការ​បរទេស លោក Pompeo ,​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក​Christopher Miller និង លោក​ឧត្តមសេនីយ៍ Mark Milley មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក បាន​រារាំង​ទាន់ នៅក្នុងកិច្ចប្រជុំបន្ទាន់និងសម្ងាត់មួយកាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុន។​

​ប្រភព​បន្ត​ថា ការ​ចេញ​បញ្ជា​ឲ្យ​វាយ​កម្ទេច​មូលដ្ឋាន​នុយ​ក្លែ​អ៊ែ​រ​របស់​អ៊ី​រ៉​ង់ តែ​មិន​សម្រេច​បំណង​របស់​លោក​ត្រាំ​កាលពី​ស​ប្តា​ហ៍​មុន​នេះ គឺ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក ដូ​ណា​ល់ ត្រាំ ទទួល​បាន​ព័ត៌មាន​ចារកម្ម​ថា អ៊ី​រ៉​ង់ កំពុង​បង្កើន​កាន់តែ​ខ្លាំង​នូវ​ការ​បង្កើត​ឋា​ម​ពល​នុយក្លេអ៊ែរ ដើម្បី​ទប់ទល់​ជាមួយ​អា​មេ​រិ​ក ។​

​សូម​បញ្ជាក់​ថា កាលពី​ខែមករា​ឆ្នាំ​២០២០​កន្លង​មក លោក​ត្រាំ ធ្លាប់​បាន​បញ្ជា​ឲ្យ​វាយ​សម្លាប់​អគ្គ​មេ​បញ្ជា​នៃ​កងទ័ព​រំដោះ​អ៊ី​រ៉​ង់ លោក​ Qassem Soleimani នៅ​ក្បែរ​មូលដ្ឋាន​កងទ័ពអាកាស​របស់​អ៊ី​រ៉ា​ក់ ដែល​ការ​ស្លាប់​មេទ័ព​កំពូល​របស់​រដ្ឋ​អ៊ី​ស្លា​ម​រូប​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​និង​រដ្ឋាភិបាល​អ៊ី​រ៉​ង់​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា និង​បាន​ប្រកាស​ថា​ខ្លួន​នឹង​សងសឹក​អា​មេ​រិ​ក​នោះ​ថែម​ទៀត ។​

​ចាំ​មើល​ថា​តើ​រដ្ឋបាល​លោក ចូ បៃ​ដិ​ន ដែល​នឹង​ឡើង​កាន់កាប់​សេត​វិមាន​នៅ​ខែមករា ឆ្នាំ​ក្រោយ​នេះ អាច​នឹង​អនុវត្តន៍​តាម​គម្រោង​របស់ លោក ត្រាំ ក្នុង​ការ​វាយ​កម្ទេច​មូលដ្ឋាន​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉​ង់​ឬក៍​យ៉ាងណា ? ៕