សមត្ថកិច្ចចាប់ខ្លួនអតីតពិធីករទូរទស្សន៍ប៉ុស្តិ៍លេខ៣ លោក ភោ សុផានិត

លោក ភោ សុ​ផានិត ដែល​គេ​ស្គាល់​ថា​ជា​អតីត​ពិធីករ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​ពាក់​ព័​ន្ឋ​ការ​ចែក​សែក​ស្អុយ (​សែក​គ្មាន​លុយ​) ។​

​ប្រភព​បន្ត​ថា លោក ភោ សុ​ផានិត ត្រូវ​បាន​កងកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០២០ នៅ​ចំណុច​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។​

​យ៉ាងណា សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​អំពី​ថា​តើ​លោក ភោ សុ​ផានិត បាន​ចែក​សែក​ស្អុយ​មាន​ទឹកប្រាក់​ប៉ុន្មាន ហើយ​ប្រគល់​ឲ្យ​ភាគី​ណា និង ពាក់​ព័​ន្ឋ​នឹង​ការ​រកស៊ី​ជួញដូរ​អ្វី​នោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា​អតីត​ពិធីករ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ អាយុ​៤៤​ឆ្នាំ ជា​ពាណិជ្ជករ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​

​រូប​នេះ ត្រូវ​បាន​លោក វ៉ា​ន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​១៣០០«​ឃ​១»​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី ២៩ ខែ កញ្ញា ឆ្នាំ​២០២០ ពី​បទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ។​

​លោក ភោ សុ​ផានិត ត្រូវ​បាន​កងកម្លាំង​ជំនាញ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕