នាយកទីចាត់ការអន្តរវិស័យខេត្តកំពង់ធំយកកាំបិតចាក់ព្រះរាជអាជ្ញារងយកឈាមលាយស្រាផឹក

កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​លោក ម៉ៅ ប៊ុ​ន​ធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ចាក់​សម្លាប់​លោក សាយ វាសនា ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកំពង់ធំ ។​

​តាម​ប្រភព​ពី PVN NEWS បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០២០ នៅ​ភោជនីយដ្ឋាន​ជ្រោះ​ពេ​ជ​ចិន្តា បន្ទប់ «​កែប​» លោក សាយ វាសនា ព្រះរាជអាជ្ញា​រង រួម​ជាមួយ​លោក ហង្ស ថុ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ , លោក ឃុន ប៊ុ​ន​ហូ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​កង​រាជ​អា​វុ​ហត្ថ​ខេត្តកំពង់ធំ , ឈ្មោះ លី យ៉ា​ស៊ី​ន និង ឈ្មោះ ព្រាម ហាក់ បាន​និង​កំពុង​ហូប​ចុក​អាហារ​សាមគ្គី​ជុំ​គ្នា ។​

​ពេល​នោះ​លោក ម៉ៅ ប៊ុ​ន​ធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ ក៏​បាន​និង​កំពុង​ហូប​ចុក​នៅ​បន្ទប់​ជាប់​គ្នា​ផ្នែក​ខាងកើត​ក្នុង​ភោជនីយដ្ឋាន​ជ្រោះ​ពេជ្រ​ចិន្តា ដែរ ។

ក្រោយមក លោក ម៉ៅ ប៊ុ​ន​ធូ បាន​ដើរមក​បន្ទប់ «​កែប​» ហើយ​ក៏​រុញ​ទ្វារ​ចូល តែ​ដោយ​ឃើញ​លោក សាយ វាសនា មាន​វត្តមាន​ក្នុង​បន្ទប់​នោះ លោក ម៉ៅ ប៊ុ​ន​ធូ បាន​ធ្វើ​សកម្មភាព​ទាញ​រុញ​ៗ​ទ្វារ​លិ​ប​ល​ៗ ។​

មួយសន្ទុះ ប្រហែល​៣​នាទី​ក្រោយមក ទើប​លោក ម៉ៅ ប៊ុ​ន​ធូ ចូល​ក្នុង​បន្ទប់ «​កែប​» នេះ ហើយ​ដើរទៅ​ខ្សឹប​ប្រាប់​លោក ហង្ស ថុ​ល និង លោក ឃុន ប៊ុ​ន​ហូ ថា អោយទៅ​ជល់​កែវ​ជាមួយ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ ដែល​បាន​និង​កំពុង​ហូប​ចុក​នៅ​បន្ទប់​ខាងកើត​ជាប់​គ្នា​នោះ ។​

ក្រោយមក​នៅ​វេលា​ម៉ោង​២១៖១៣​នាទី លោក ម៉ៅ ប៊ុ​ន​ធូ បាន​ប្រដាប់​ដោយ​កាំបិត​ចុង​ស្រួច ដែក​ពណ៌​ស ប្រវែង​ប្រហែល​៤​តឹក លាក់​ទុក​ក្នុង​ដៃ បាន​ដើរ​ចូល​ក្នុង​បន្ទប់ «​កែប​» នោះ ហើយ លោក ម៉ៅ ប៊ុ​ន​ធូ បាន​ហុចដៃ​ឆ្វេង សុំ​លោក សាយ វាសនា ចាប់ដៃ ពេល​នោះ លោក សាយ វាសនា ក៏​បាន​យកដៃ​ស្តាំ​របស់​ខ្លួន​ចាប់ដៃ​ជាមួយ​លោក ម៉ៅ ប៊ុ​ន​ធូ ដោយ​ចាប់ដៃ​គ្នា​យ៉ាង​ណែន​ល្អ ។​

បន្ទាប់​មក លោក ម៉ៅ ប៊ុ​ន​ធូ បាន​ដើរ​រស​សៀរ មក​កៀក​នឹង​លោក សាយ វាសនា ហើយ​ទាញ​កាំបិត​ចាក់​បំពង់​.​ក លោក សាយ​វាសនា ពេល​នោះ​លោក សាយ វាសនា បាន​ចាប់​ជ្រោង​ដៃ​ជនល្មើស ហើយ​និយាយ​ថា ម៉េច​ធ្វើ​អ៊ីចឹង ម៉េច​យក​កាំបិត​មក​ចាក់​សម្លាប់​ខ្ញុំ ។​

ពេល​នោះ​ជនល្មើស បាន​និយាយ​ថា «ចាក់​សម្លាប់​ព្រះរាជអាជ្ញា​រង​យក​ឈាម​លាយ​ស្រា​ផឹក» ។ ក្នុង​សភាព​ពេល​នោះ លោក ហង្ស ថុ​ល ស្រែក​អោយ​ជនល្មើស​ទម្លាក់​កាំបិត​ចោល​តែ​ជនល្មើស​មិន​ព្រម​ទម្លាក់​កាំបិត ហើយ​នៅ​តែ​ប្រឹង​យក​កាំបិត​បុក​សំដៅ​បំពង់ក​ជន​រង​គ្រោះ ។​

​ពេល​នោះ ក៏​មាន​សម្លេង​ឆោឡោ​ខ្លាំង ទើប​មាន​មនុស្ស​ចំនួន​៥​ទៅ​៦​នាក់ បាន​ចូល​មក​ចាប់​ដណ្តើម​កាំបិត​ពី​ជនល្មើស ហើយ​ក៏​មាន​មនុស្ស​ម្នា​ជា​ច្រើន​ផ្អើល​ឈុ​ល​ចេញ​មក​មើល ដោយ​ក្នុង​នោះ មាន​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ , លោក ប៉ែន​វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម និង លោក ទូច សុខា អភិបាលស្រុក​ស​ន្ទុ​ក ជាដើម​ផង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បានអោយ​ដឹង​ទៀត​ថា សាក្សី​នៅ​ក្នុង​ហេតុការណ៍​ផ្ទាល់ ពេល​ជនល្មើស​ធ្វើ​សកម្មភាព​ចាក់​បំពង់ក​ជន​រង​គ្រោះ គឺ មាន​លោក ហង្ស ថុ​ល , លោក ព្រហ្ម វាសនា , លោក លី យ៉ា​ស៊ី​ន , លោក ព្រាម ហាក់ និង បុគ្គលិក​លើក​ម្ហូប​ស្រា​ស្រី​ៗ ចំនួន​៣​នាក់​ទៀត នៅ​ក្នុង​បន្ទប់ «​កែប​»​។​

​ជនល្មើស​បន្ទាប់​ពី​ធ្វើ​សកម្មភាព​មិន​បាន​សម្រេច គេ​ធ្វើ​អាកប្បកិរិយា​ស្រវឹង ធ្វើ​ដូច​មិនដឹង​រឿង​អី​អ៊ីចឹង ។ ជនល្មើស​នេះ បាន​ចងគំនុំ​នឹង​លោក សាយ វាសនា ដោយហេតុ​ថា លោក សាយ វាសនា បាន​ទទួល​បន្ទុក ក្នុង​សំណុំរឿង​ដែល​ជនល្មើស​បាន​ដឹកនាំ​កម្លាំង​គ្មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា ចុះ​ទៅ​ចាប់​គ្រឿងចក្រ​របស់​ឈ្មោះ ជុ​ត ថា​ន ដែល​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អភិបាលខេត្ត និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ដោយ​ទាំង​ខ្លួន​មិន​មាន​សម្បទា​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ដោយពេល​នោះ ជនល្មើស​ស្នើ​សុំ​អោយ​លោក សាយ វាសនា កុំ​ចាត់ការ តែ​លោក សាយ វាសនា បាន​អនុវត្ត​នីតិវិធី​ច្បាប់ ដោយហេតុ​ថា ឈ្មោះ ជុ​ត ថា​ន មិន​ព្រម​ចរចា ហើយ​ជនល្មើស​គុំ​គួ​ន​តាំងពី​ពេល​នោះ​មករ​ហូត ។​

​ដោយឡែក​បញ្ហា​នេះ លោក ស៊ិ​ន វី​រៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​បញ្ជា​អោយ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជនល្មើស​ក្នុង​បទល្មើស​ជាក់ស្តែង បញ្ជូនមក​បញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង​បន្តតាម​នីតិវិធី ៕