រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជូលដីទំហំ៧៥ហិកតា ដែលមានទីតាំងស្ថិតនៅភាគខាងត្បូង ចម្ងាយ៥០០ម៉ែត្រ ពីឧទ្យានអង្គរ ទៅឱ្យក្រុមហ៊ុនណាហ្គា(NAGA CORP) ដើម្បីធ្វើការវិនិយោគរយៈពេល៥០ឆ្នាំ ពោលគឺចាប់ពីខែមករា ឆ្នាំ២០២០ ដល់ឆ្នាំ២០៧០។
នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុនណាហ្កា និងត្រូវបានសារព័ត៌មានអេឡិចត្រូនិក Thmey Thmey បង្ហោះនៅលើផេករបស់ខ្លួនកាលពីប៉ុន្មាននាទីមុននេះ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនណាហ្កា ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុងនោះ នឹងប្រើប្រាស់ថវិកាចំនួន ៣៥០លានដុល្លារ ដើម្បីសាងសង់រមណីយដ្ឋាន «Angkor Lake of Wonder» (ALOW) នៅក្នុងខេត្តសៀមរាប ។
«Angkor Lake of Wonder» (ALOW) ក៍មានការសាងសង់សណ្ឋាគារមួយដែលមានរចនាប័ទ្មបែបវប្បធម៌ និងប្រពៃណីខ្មែរ នៅចំកណ្តាលគម្រោង។ លើសពីនេះ នឹងមានបង្កើតឧទ្យានទឹក, បង្កើត Siem Reap China Town, បង្កើតឧទ្យានប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរបែប4D, 5D, Augmented Reality (AR) និង Virtual Reality (VR) រួមទាំងបង្កើតសួនវប្បធម៌ជាដើម…។ គម្រោងវិនិយោគដ៏ធំមួយនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុង២០២៥។
ក្រុមហ៊ុនណាហ្គាបានឲ្យដឹងទៀតថា «តាមគម្រោងអភិវឌ្ឍនេះ ក្រុមហ៊ុននឹងបង្កើតយុទ្ធសាស្ត្រនៃការធ្វើការងារ ជាមួយទីភ្នាក់ទេសចរនៅប្រទេសចិន និងប្រទេសនានាទៀត តាមប្រព័ន្ធអ៊ីនធឺណែត[Internet] ដើម្បីនាំភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប និងរាជធានីភ្នំពេញ» ។
យ៉ាងណាក៍ដោយ ជុំវិញការប្រកាសរបស់ក្រុមហ៊ុនណាហ្កានិងត្រូវបាន Thmey Thmey ស្រង់សេចក្តីប្រកាសចេញផ្សាយនៅល្ងាចថ្ងៃទី១៦ វិច្ឆិកា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៕