រថយន្ដម៉ាកHYUNDAI (យីឌុប) ពាក់ស្លាកកងដឹកជញ្ជូនH.C មួយគ្រឿងដឹកឥដ្ឋហួសចំណុះឆ្លងស្ពាន មិន មើលផ្លាកសញ្ញាហាមឃាត់ សំណាងអាក្រក់ឆ្លងផុតស្ពានហើយឡើងមិនរួច ថយក្រោយមកបុកបង្កាន់ដៃស្ពាន បណ្ដាលអោយខូចស្ពានសាធារណៈរបស់រដ្ឋ។
បើតាម Phnom Penh Times ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានខាងលើទឹកជ្រោះកាចាញ ស្ថិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។
រថយន្តយីឌុបបង្កនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A.3963 ដឹកឥដ្ឋពេញ។
បើតាមប្រភពពីអ្នកដែលរស់នៅជិតកន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោង២ទៀបភ្លឺ គេបានឮសម្លេងរថយន្តបើកឆ្លងស្ពាន លុះបានបន្តិច ក៏ឮសម្លេងដូចរន្ទះ ពួកគាត់ក៏មានការភ្ញាក់ផ្អើល នាំគ្នាស្ទុះពីដំណេក មកមើល ឃើញរថយន្តនោះថយបុកស្ពាន បណ្ដាលឲ្យរថយន្តយីឌុបនោះផ្អៀងជិតក្រឡាប់ពីលើថ្នល់។
ពួកគាត់បានបន្តថា ដោយរថយន្តយីឌុបនេះ ដឹកឥដ្ឋច្រើនពេក បណ្ដាលឲ្យរថយន្តឡើងទួលមិនរួច ថយមក ក្រោយវិញ បុកបង្កាន់ដៃក្បាលស្ពាន បន្ទាប់ពីរថយន្តយីឌុបនេះឆ្លងស្ពានផុត ហើយឡើងទួល។ ប្រភពបន្តទៀតថា នៅយប់នោះខាងម្ចាស់ រថយន្តបានអោយកម្មកររើឥដ្ឋចេញពីឡានទាំងយប់ ដើម្បីយករថយន្តចេញដែរ តែរើមិនអស់រហូតដល់ព្រឹកឡើង ក៏ផ្អើលដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរសាធារណកាខេត្ត ចុះមកទាន់។
លោក ទុន ពៅ ចៅសង្កាត់កាចាញបានអោយដឹងដែរថា ស្ពាននេះ គឺសាងសងពីដែកក្រាលឈើយូរឆ្នាំមកហើយ លោកក៏បានឲ្យគេដាក់ផ្លាកហាមឃាត់មិនអោយរថយន្តដឹកលើសពី៥តោនឆ្លងកាត់ទេ ព្រោះខ្លាចបាក់ស្ពាន។ ម្យ៉ាងទៀតបើស្ពាននេះបាក់ គឺប៉ះពាល់ដល់ការដឹកជញ្ជូនកសិផលទៅមករបស់ប្រជាពលរដ្ឋ ហើយកន្លងមក មិនដែលមានរថយន្តដឹកលើសទម្ងន់អញ្ចឹងទេ។ បច្ចុប្បន្ន រថយន្ដបង្ក ត្រូវបានខាងមន្ទីរសាធារណការនាំយកទៅរក្សាទុកនៅមន្ទីរ ដើម្បីធ្វើការដោះស្រាយ៕