បុរសជនជាតិយួនម្នាក់ ត្រូវបានមន្ត្រីសុខាភិបាលរកឃើញមេរោគកូវីដ១៩ជាថ្មីម្តងទៀត បន្ទាប់ពីបុរសនោះបានជាសះស្បើយពីការព្យាបាលជំងឺកូវីដ១៩បាន២ខែ ។
នេះបើយោងតាម VN Express ដែលចេញផ្សាយកាលពីថ្ងៃទី១៦ វិច្ឆិកាម្សិលមិញ ។
បុរសអាយុ ២១ ឆ្នាំរូបនោះ បានចាកចេញពីប្រទេសរុស្សីកាលពីថ្ងៃទី១០ សីហា ហើយពេលមកដល់វៀតណាម ត្រូវមន្ត្រីសុខាភិបាលធ្វើតេស្តឃើញវិជ្ជមានកាលពីថ្ងៃទី២៥ សីហា ២០២០ ។
ក្រោយពីសម្រាកព្យាបាលជាសះស្បើយ ក៍ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីពាក់កណ្តាលខែកញ្ញា តែត្រូវបានមន្ត្រីសុខាភិបាលណែនាំឲ្យធ្វើចត្តាឡីស័ក២អាទិត្យទៀត ស្រាប់តែនៅថ្ងៃទី០៧ វិច្ឆិកា គាត់បានទៅមន្ទីរពេទ្យ Transport ដោយមានគ្រុនក្តៅហើយ ត្រូវបានគេអោយថ្នាំសំរាប់ការឆ្លងមេរោគ ។
លុះដល់ថ្ងៃទី១៤ វិច្ឆិកា កម្តៅក្នុងខ្លួនគាត់ឡើងដល់ ៣៩ អង្សារ និងមានអាការៈអស់កម្លាំង ហើយពេទ្យបានធ្វើតេស្តម្តងទៀតក៍ឃើញវិជ្ជមានជាថ្មីម្តងទៀត ។
ជុំវិញករណីរបស់ជនជាតិយួនខាងលើនេះ ក្រសួងសុខាភិបាលវៀតណាមមិនទាន់ហ៊ានសន្និដ្ឋានបែបណានោះនៅឡើយទេ ។
ដោយឡែក ងាកទៅប្រទេសមីយ៉ាន់ម៉ា(ភូមា) នោះវិញ គិតត្រឹមម៉ោង៥និង៥៥នាទី ល្ងាចថ្ងៃទី១៧ វិច្ឆិកា ២០២០នេះ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ បានកើនដល់ ៧០១៦១នាក់ ក្នុងនោះជាសះស្បើយ ៥៣២៩៩នាក់ និង ស្លាប់កើនដល់ ១៥៩៩នាក់ ៕