លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្រោយពេលលោកនិងភរិយា មិនមានការឆ្លងមេរោគកូវីដ១៩ ក្រោយការធ្វើតេស្តលើកទី០៤ នាព្រឹកថ្ងៃពុធនេះ ។
នៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់លោកដែលបង្ហោះនៅប៉ុន្មាននាទីមុននេះ លោកប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះ«លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។»។
លោក ហ៊ុន សែន បន្តថា «ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។ ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេងនឹងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន
ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាពនិងសហការណ៍ល្អយើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍បានប្រកាសឲ្យក្រសួងអប់រំយុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆិកាឡើងវិញ ។
យ៉ាងណាលោកនាយករដ្ឋមន្រ្តីក៍បានសង្កត់ធ្ងន់ថា ការប្រយុទ្ធជាមួយកូវីត-១៩ នៅតែជាការងារអាទិភាពដដែល៕