មុននេះបន្តិច លោក ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្រោយ​ពេល​លោក​និង​ភរិយា មិន​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ក្រោយ​ការ​ធ្វើតេស្ត​លើក​ទី​០៤ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ។​

​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេកផ្លូវការ​របស់​លោកដែលបង្ហោះនៅប៉ុន្មាននាទីមុននេះ លោកប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​«​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​លើក​ទី​៤ ដែល​ជា​លើក​ចុង​ក្រោយ​គឺ​ល្អ​ណាស់​សម្រាប់​ខ្ញុំ​និង​ភរិយា​ព្រមទាំង​អ្នក​នៅ​ជាមួយ​ដែល​បាន​បង្ហាញ​ច្បាស់​ថា​អវិជ្ជមាន​កូ​វី​ដ​-១៩ ពោល​គឺ​ពុំ​មាន​ឆ្លង​ជម្ងឺដ៍​កាច​សាហាវ​នេះ​ទេ​។​»​។​

​លោក ហ៊ុន សែន បន្ត​ថា «​ការ​ដែល​យើង​អាច​ប្រកាស​បិទ​បញ្ចប់​បាន គឺ​នៅ​ត្រង់​យើង​គ្រប់គ្រង​បាន​ចំនួន​មនុស្ស​រហូត​១៨០២​នាក់​នៅ​តាម​រាជធានី ខេត្ត​ចំនួន​១១ ដែល​មានការ​ពាក់ព័ន្ធ​ការ​ធ្វើតេស្ត​និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​រយៈពេល​១៤​ថ្ងៃ ដែល​បញ្ហា​នេះ​ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់​ជាមួយ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងសុខាភិបាល​។ ​ប្រតិបត្តិការ​នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា ពិតជា​ធំធេង​នឹង​ស្មុ​គ្រ​ស្មាញ​ក្នុង​ការ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រោះ​វា​ទាក់ទង​ដល់​មនុស្ស​ច្រើន​នឹង​រាជធានី​ខេត្ត ស្រុក ខ័​ណ្ឌ ក្រុង ឃុំ សង្កាត់ និង​ភូមិ​ជា​ច្រើន​
​ដែល​លំបាក​ដល់​ការ​ស្វែងរក​។ ប៉ុន្តែ​ដោយ​ការ​ដឹកនាំ​ត្រឹមត្រូវ មានការ​ខិតខំ មាន​សាមគ្គីភាព​និង​សហ​ការណ៍​ល្អ​យើង​អាច​ធ្វើ​បាន​ដោយ​រក​ឃើញ​គ្រប់​មនុស្ស​ពាក់ព័ន្ធ​មិន​ឱ្យ​បាត់​ដានដែល​ជា​មូលហេតុ​ឆ្លង​ចូល​សហគមន៍​បង្ក​ជា​គ្រោះ​មហន្តរាយ​សម្រាប់​ប្រជាជន​យើង​។​»​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៍បាន​ប្រកាស​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​រៀបចំ​បើក​សាលារៀន និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើង​វិញ​ព្រមទាំង​ធ្វើ​ឱ្យ​​សភាព​​ការណ៍​​គ្រប់​ផ្នែក​គ្រប់​វិស័យ​វិល​ទៅ​រក​ភាព​ប្រក្រតី​ដូច​មុន​ថ្ងៃ​៣​វិច្ឆិកា​ឡើង​វិញ ។​

យ៉ាងណាលោកនាយករដ្ឋមន្រ្តីក៍​បានសង្កត់ធ្ងន់​ថា ​ការ​ប្រយុទ្ធ​ជាមួយ​កូ​វីត​-១៩​ នៅ​តែ​ជាការងារ​អាទិភាព​ដដែល៕