នាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ លោក ម៉ៅ ប៊ុនធូ ដែលយកកាំបិទចាក់.ក លោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំនោះ អាចនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការបន្តនៅថ្ងៃទី១៩ វិច្ឆិកានេះ ។
ការបញ្ជូន លោក ម៉ៅ ប៊ុនធូ ទៅសាលាដំបូងខេត្តសៀមរាបនៅពេលនេះ បានធ្វើឡើងក្រោយពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃម្សិលមិញបានចេញលិខិតបញ្ជាឲ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំផ្ទេរសមត្ថកិច្ចសំណុំរឿងព្រហ្មទណ្ឌខាងលើ ពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាបវិញ ។
បើតាមលិខិតចុះថ្ងៃទី១៧ វិច្ឆិកា ២០២០ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធ៌មបានពន្យល់អំពីមូលហេតុនៃការផ្ទេរសំណុំរឿងចាក់ក.យកឈាមលាយស្រាផឹកខាងលើនេះថា គឺដើម្បីធានាប្រយោជន៍សាធារណៈ និងដំណើរការល្អនៃយុត្តិធ៌មតុលាការ និងយោងទៅលើមាត្រា១៩នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ។
សូមបញ្ជាក់ដែរថា នៅក្នុងនីតិវិធីច្បាប់ សំណុំរឿងព្រហ្មទណ្ឌ ឬ រដ្ឋប្បវេណីក្តី ដែលកើតឡើងនៅក្នុងមូលដ្ឋានណា សំណុំរឿងនោះគឺត្រូវស្ថិតក្នុងដែនសមត្ថកិច្ចរបស់ដែនដីនោះ ប៉ុន្តែករណីខាងលើ ដោយសារថា ជនរងគ្រោះកាន់តំណែងជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដូច្នេះដើម្បីធានាបាននូវយុត្តិធ៌ម គឺត្រូវតែផ្ទេរសមត្ថកិច្ចទៅសាលាដំបូងខេត្តសៀមរាប ដូចខ្លឹមសារនៃលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ។
គួររំឮកថា កាលពីម៉ោងជាង៩យប់ថ្ងៃទី១៦ វិច្ឆិកា ២០២០ នៅភោជនីយដ្ឋានជ្រោះពេជចិន្តា បន្ទប់ «កែប» លោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុហត្ថខេត្តកំពង់ធំ , ឈ្មោះ លី យ៉ាស៊ីន និង ឈ្មោះ ព្រាម ហាក់ បាននិងកំពុងហូបចុកអាហារសាមគ្គីជុំគ្នា ។
ពេលនោះលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ក៏បាននិងកំពុងហូបចុកនៅបន្ទប់ជាប់គ្នាផ្នែកខាងកើតក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តា ដែរ ។
ក្រោយមក លោក ម៉ៅ ប៊ុនធូ បានដើរមកបន្ទប់ «កែប» ហើយក៏រុញទ្វារចូល តែដោយឃើញលោក សាយ វាសនា មានវត្តមានក្នុងបន្ទប់នោះ លោក ម៉ៅ ប៊ុនធូ បានធ្វើសកម្មភាពទាញរុញៗទ្វារលិបលៗ ។
មួយសន្ទុះ ប្រហែល៣នាទីក្រោយមក ទើបលោក ម៉ៅ ប៊ុនធូ ចូលក្នុងបន្ទប់ «កែប» នេះ ហើយដើរទៅខ្សឹបប្រាប់លោក ហង្ស ថុល និង លោក ឃុន ប៊ុនហូ ថា អោយទៅជល់កែវជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបាននិងកំពុងហូបចុកនៅបន្ទប់ខាងកើតជាប់គ្នានោះ ។
ក្រោយមកនៅវេលាម៉ោង២១៖១៣នាទី លោក ម៉ៅ ប៊ុនធូ បានប្រដាប់ដោយកាំបិតចុងស្រួច ដែកពណ៌ស ប្រវែងប្រហែល៤តឹក លាក់ទុកក្នុងដៃ បានដើរចូលក្នុងបន្ទប់ «កែប» នោះ ហើយ លោក ម៉ៅ ប៊ុនធូ បានហុចដៃឆ្វេង សុំលោក សាយ វាសនា ចាប់ដៃ ពេលនោះ លោក សាយ វាសនា ក៏បានយកដៃស្តាំរបស់ខ្លួនចាប់ដៃជាមួយលោក ម៉ៅ ប៊ុនធូ ដោយចាប់ដៃគ្នាយ៉ាងណែនល្អ ។
បន្ទាប់មក លោក ម៉ៅ ប៊ុនធូ បានដើររសសៀរ មកកៀកនឹងលោក សាយ វាសនា ហើយទាញកាំបិតចាក់បំពង់.ក លោក សាយវាសនា ពេលនោះលោក សាយ វាសនា បានចាប់ជ្រោងដៃជនល្មើស ហើយនិយាយថា ម៉េចធ្វើអ៊ីចឹង ម៉េចយកកាំបិតមកចាក់សម្លាប់ខ្ញុំ ។
ពេលនោះជនល្មើស បាននិយាយថា «ចាក់សម្លាប់ព្រះរាជអាជ្ញារងយកឈាមលាយស្រាផឹក» ។ ក្នុងសភាពពេលនោះ លោក ហង្ស ថុល ស្រែកអោយជនល្មើសទម្លាក់កាំបិតចោលតែជនល្មើសមិនព្រមទម្លាក់កាំបិត ហើយនៅតែប្រឹងយកកាំបិតបុកសំដៅបំពង់កជនរងគ្រោះ ។
ពេលនោះ ក៏មានសម្លេងឆោឡោខ្លាំង ទើបមានមនុស្សចំនួន៥ទៅ៦នាក់ បានចូលមកចាប់ដណ្តើមកាំបិតពីជនល្មើស ហើយក៏មានមនុស្សម្នាជាច្រើនផ្អើលឈុលចេញមកមើល ដោយក្នុងនោះ មានលោក សុខ លូ អភិបាលខេត្តកំពង់ធំ , លោក ប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម និង លោក ទូច សុខា អភិបាលស្រុកសន្ទុក ជាដើមផង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងទៀតថា សាក្សីនៅក្នុងហេតុការណ៍ផ្ទាល់ ពេលជនល្មើសធ្វើសកម្មភាពចាក់បំពង់កជនរងគ្រោះ គឺ មានលោក ហង្ស ថុល , លោក ព្រហ្ម វាសនា , លោក លី យ៉ាស៊ីន , លោក ព្រាម ហាក់ និង បុគ្គលិកលើកម្ហូបស្រាស្រីៗ ចំនួន៣នាក់ទៀត នៅក្នុងបន្ទប់ «កែប»។
ជនល្មើសបន្ទាប់ពីធ្វើសកម្មភាពមិនបានសម្រេច គេធ្វើអាកប្បកិរិយាស្រវឹង ធ្វើដូចមិនដឹងរឿងអីអ៊ីចឹង ។ ជនល្មើសនេះ បានចងគំនុំនឹងលោក សាយ វាសនា ដោយហេតុថា លោក សាយ វាសនា បានទទួលបន្ទុក ក្នុងសំណុំរឿងដែលជនល្មើសបានដឹកនាំកម្លាំងគ្មានបញ្ជាពីព្រះរាជអាជ្ញា ចុះទៅចាប់គ្រឿងចក្ររបស់ឈ្មោះ ជុត ថាន ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដោយទាំងខ្លួនមិនមានសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដោយពេលនោះ ជនល្មើសស្នើសុំអោយលោក សាយ វាសនា កុំចាត់ការ តែលោក សាយ វាសនា បានអនុវត្តនីតិវិធីច្បាប់ ដោយហេតុថា ឈ្មោះ ជុត ថាន មិនព្រមចរចា ហើយជនល្មើសគុំគួនតាំងពីពេលនោះមករហូត ។
ដោយឡែកបញ្ហានេះ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ក៏បានចុះទៅកន្លែងកើតហេតុភ្លាមៗ ហើយបញ្ជាអោយកម្លាំងអាវុធហត្ថឃាត់ខ្លួនជនល្មើសក្នុងបទល្មើសជាក់ស្តែង បញ្ជូនមកបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី ។
នៅថ្ងៃទី១៧ វិច្ឆិកា ២០២០ លោក សាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ ក៍បានដាក់ពាក្យបណ្តឹង ដោយចោទលោកម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ ពីបទ «ប៉ុនប៉ងឃាតកម្ម» ប្រព្រឹត្តនៅចំណុចក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តា ស្ថិតនៅភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីម៉ោង៩និង១៣នាទីយប់ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២០ ៕