បាងកក ៖ ប៉ូលិសថៃបានសម្រេចចិត្តបង្ក្រាបលើក្រុមបាតុករ ដោយប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក នៅខាងក្រៅវិមានសភាជាតិថៃ នាថ្ងៃទី១៧ វិច្ឆិកា ២០២០នេះ ខណៈសមាជិកសភា កំពុងពិភាក្សាដេញដោលមតិគ្នា លើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។
ប៉ូលិសថៃ បានដាក់របាំងការពារ នៅខាងក្រៅអគារសភាជាតិ ជាទីដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ហើយក្រុមបាតុករដែលពាក់មួកសុវត្ថិភាព អាវភ្លៀង និងម៉ាសបិទមុខ បានព្យាយាមដករបាំងការពារ ជាហេតុធ្វើឱ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស ជាហេតុធ្វើអោយប៉ូលិសសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបាញ់បំបែកហ្វូងក្រុមបាតុករនោះ ហើយពួកគេក៏បានគប់ដុំថ្ម ទៅលើប៉ូលិសវិញផងដែរ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬអ្នកត្រូវបានចាប់ខ្លួននៅឡើយទេ ។
សូមបញ្ជាក់ថា ក្រុមបាតុករដឹកនាំដោយនិស្សិតថៃ បាននិងកំពុងតវ៉ាទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ព្រមទាំងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងនោះរួមមានទាំងការធ្វើកំណែទម្រង់ របបរាជានិយមថៃសព្វថ្ងៃ ដែលកំពុងផ្តល់អំណាចជ្រុលហួសហេតុ ដល់ព្រះមហាក្សត្រផងដែរ ។ ទោះជាបែបនេះក្តី ក្រុមបាតុករខាងលើនេះ បានអះអាងជារឿយៗថា ពួកគេគ្មានចេតនាផ្ដួលរំលំរបបរាជានិយមឡើយ ៕