អំពើហិង្សារវាងក្រុមបាតុករនិងក្រុមគាំទ្រស្តេច ជាមួយនឹងប៉ូលិសថៃកាលពីថ្ងៃម្សិលមិញ បានបណ្តាលឲ្យមនុស្ស៥៥នាក់រងរបួស ក្នុងនោះ៦នាក់ ត្រូវបានគេអះអាងថារបួសដោយសារត្រូវគ្រាប់កាំំភ្លើង ។
ក្រោយមានមនុស្សរបួសដោយគ្រាបើកាំំភ្លើង ក្រុមបាតុករបានទម្លាក់កំហុសទៅលើកងកម្លាំងរដ្ឋាភិបាល ប៉ុន្តែត្រូវបានច្រានចោលដោយលោក ពីយ៉ា តាវិឆ័យ( Piya Tavichai )មេបញ្ជារងប៉ូលិសប្រចាំក្រុងបាងកក ដោយថាប៉ូលិសមិនបានបាញ់គ្រាប់ពិតនោះទេ ។
ដោយសារតែក្រុមបាតុករសម្រុកចូលទៅក្នុងរដ្ឋសភា ប៉ូលិសក៍បានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់បាតុកររាប់ពាន់នាក់ បណ្តាលឲ្យមានអ្នករងរបួស ។
ទាក់ទងទៅនឹងការបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា ប៉ូលិសមានកាតព្វកិច្ចការពារសុវត្ថិភាពសមាជិកសភា ហើយត្រូវតែបង្ខំបាញ់ទឹកនិងប្រើឧស្ម័នបង្ហូរទឹកភ្នែក ។
បើតាម Bangkok Post ក្រុមបាតុករនិងអ្នកគាំទ្រស្តេចបានគប់ដាក់គ្នាទៅវិញទៅមកនៅ ឯរនាំងទីពីរនៅផ្លូវបំបែក Kiak Kai មុនពេលប៉ូលិសចាប់ផ្តើមបំបែក និងមុនពេលសមាជិកព្រឹទ្ធសភា សមាជិកសភា និងមន្ត្រីរដ្ឋសភា បានត្រូវកងកម្លាំងប៉ូលិសជម្លៀសតាមទូកកាលពីម៉ោងជិត៥ល្ងាចថ្ងៃទី១៧ វិច្ឆិកា ២០២០ ។
នៅពេលនេះ ប៉ូលិសថៃបាននិងកំពុងបើកការស៊ើបអង្កេតអ្នកដែលបាញ់គ្រាប់ពិតទៅលើក្រុមបាតុករថៃ ដែលបណ្តាលឲ្យរបួស៦នាក់ ក្នុងចំណោម៥៥នាក់ ។
ចាប់តាំងពីខែកក្កដាមក ក្រុមបាតុករថៃ ដែលចេញពីក្រុមនិស្សិត និងសិស្ស ក៍ដូចជាពលរដ្ឋ បានទាមទារ ឱ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងទាមទារឱ្យមានការធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ ដែលអាចទៅកាត់បន្ថយអំណាចដ៍ខ្លាំងរបស់ព្រះមហាក្សត្រថៃ រហូតដល់បង្ខំឲ្យរដ្ឋសភាថៃបើកកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្រោមការឃ្លាំមើលពីសំណាក់ក្រុមបាតុកររាប់ពាន់នាក់និងនាំដល់ការផ្ទុះអំពើហិង្សាបណ្តាលឲ្យមនុស្សរបួស៥៥នាក់កាលពីថ្ងៃម្សិលមិញនេះ៕