អតីតប្រធានមន្ទីសុរិយោដីខេត្តព្រះសីហនុហូរទឹកភ្នែកក្រោយតុលាការផ្តន្ទាទោស៧ឆ្នាំ

ទីបំផុត​ទៅ​សាល​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ ដាក់​ព​ន្ឋ​នាគារ​ចំនួន​៧​ឆ្នាំ​និង​ពិន័យ​ប្រាក់​បង់​ចូល​ថវិការដ្ឋ​ចំនួន​១០០​លាន​រៀល ថែម​ទាំង​រឹបអូស​អចលនទ្រព្យ​ចំនួន​៣​កន្លែង ទុកជា​សម្បត្តិ​រដ្ឋ ។​

​លោក នួន ប៉ុក អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០១ មីនា ២០២០​ដោយ​ជាប់​សង្ស័យ​ជាប់​ពាក់​ព័​ន្ឋ​នឹង​អំពើ​ពុក​រលួយ ដែល​ប្រព្រឹត្ត​អំឡុង​ពេល​លោក​កាន់​តំណែង​ពី​ថ្ងៃ​ទី​២៣ មីនា ២០១៦ រហូត​មក​ទល់​នឹង​ការ​ចាប់ខ្លួន ។​

៣​ថ្ងៃក្រោយ​ពី​ការ​ចាប់ខ្លួន ពោល​គឺ​នៅ​ថ្ងៃ​ទី​០៤ មីនា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៍បាន​បញ្ជូន​សំណុំរឿង​លោក នួន ប៉ុក ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​៣​បទល្មើស​គឺ បទ​រំលោភ​អំណាច បំពាន​ធនធានធម្មជាតិ និង​បទ​ចោទ​ផ្តល់​ឯកសារ​ក្លែងក្លាយ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ។​

​ប្រភព​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ដែរ​ថា នៅ​ក្រោយ​ពេល​ដែល​ចៅក្រម​ប្រកាស​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០២០ គេ​ឃើញ​លោក នួន ប៉ុក​ស្រក់​ទឹកភ្នែក​នៅ​មុខ​បន្ទប់​សវនាការ មុន​ពេល​អនុរក្ស​ព​ន្ឋ​នាគា​រប​នាំ​ខ្លួន​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ដែល​កាន់​តំណែង​កន្លែង​ខ្លាញ់​រូប​នេះ​ទៅ​កាន់​ព​ន្ឋ​នាគារ ។​

​ក្រោយ​ពី​ឃើញ​លោក នួន ប៉ុក ស្រក់​ទឹកភ្នែក ក៍​ធ្វើ​ឲ្យ​គេ​នឹក​ដល់​បទ​ចម្រៀង​មួយ​បទ​ដែល​ច្រៀង​ដោយ​លោក ព្រាប សុវត្ថិ មាន​ចំណងជើង​ថា «​ស្រក់​ទឹកភ្នែក មិនមែន​គ្មាន​បញ្ហា​» ៕