តម្លៃជីវិតមនុស្សម្នាក់ស្មើនឹងចេក២ស្ទង ! អ្នកភូមិដេញគប់បុរសម្នាក់ស្លាប់ក្រោយលួចចេក

បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់ បាន​ត្រូវ​នគរបាល​ជំនាញ​អះអាង​ថា ស្លាប់​ដោយសារ​ត្រូវ​នឹង​វត្ថុ​រឹង​លើ​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ បន្ទាប់​ពី​បុរស​នោះ ត្រូវ​ពលរដ្ឋ​មាន​គ្នា​ពី​៣០​ទៅ​៤០​នាក់​ដៃ​កាន់​ដុំ​ថ្ម និង​ដំបង​ឈើ​ដេញ​គប់ ក្រោយ​ពេល​ជន​នោះ ត្រូវ​គេ​ចោទ​ថា​បាន​លួច​ចេកពងមាន់​២​ស្ទង​។​

​ហេតុការណ៍​លួច​ចេក​២​ស្ទង​ដេញ​គប់​បណ្តាល​ឲ្យ​ស្លាប់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០២០ នៅ​ចំណុច​មាត់​ស្រះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កំពង់​ព្រីង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។​

​បើ​តាម​នគរបាល​មូលដ្ឋាន ជនសង្ស័យ​ជា​ចោរ​ក្លាយជា​ជន​រង​គ្រោះ ឈ្មោះ យ៉េ​ប សុខ​ក្រី អាយុ​៣២​ឆ្នាំ ជា​អ្នកនេសាទ ស្នាក់​នៅ​លើ​ទូក ក្នុង​សង្កាត់​កោះអន្លង់ចិន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។​

​សមត្ថកិច្ច​និង​សាក្សី​បាន​អះអាង​ថា នៅ​វេលា​កើតហេតុ​ខាងលើ បុរស​ខ្មែរ​អ៊ី​ស្លា​ម​រូប​នោះ បាន​លួច​ចេកពងមាន់ របស់​ប្រជាពលរដ្ឋ​ចំនួន ២​ស្ទង ខណៈនោះ ក៏​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង ដែល​មាន​គ្នា​ពី ៣០ ទៅ ៤០ នាក់ ខ្លះ​មាន​កាន់​ដុំ​ថ្ម ខ្លះ​កាន់ដំបង​ឈើ បាន​នាំ​គ្នា​រត់​ដេញ​គប់ និង​វាយ​ជនសង្ស័យ ដោយ​បាន​ស្រែក​«​ចោរ​ៗ » ពេល​នោះ ជនសង្ស័យ បាន​រត់​ហែល​ឆ្លង​ទឹកទន្លេ មក​ខាងក្រោយ​រោងចក្រ ហ្គោ​ល​ហ្វែ​ម ចូល​ក្នុង​ទឹកស្រះ​។​

​បន្ទាប់​ពី​ដេញ​គប់​នោះ​រួច​មក ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច តែ​នៅ​ពេល​កម្លាំង​ទៅ​ដល់​ឃើញ ជនសង្ស័យ បាន​ដេក​ស្លាប់​នៅ​ជាប់មាត់​ស្រះ​បាត់​ទៅ​ហើយ ដោយ​មាន​របួស​ស្នាម​រយះ​ក្បាល ហូរ​ឈាម ។​

​កំហឹង​ដែល​កើត​ចេញពី​ការ​ធ្លាប់​បាត់បង់​ដោយសារ​ចោរលួច​ជា​រឿង​មួយ តែ​សំខាន់​ប្រទេស​មានច្បាប់ គួរតែ​ចាប់​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច បើសិនជា​ករណី​បទល្មើស​ជាក់ស្តែង ព្រោះ​រាល់​បទល្មើស​ជាក់ស្តែង ពលរដ្ឋ​ដែល​ជួប​ផ្ទាល់​មាន​សិ​ទ្ឋិ​ត្រឹមតែ​ចាប់​ប្រគល់​ឲ្យ​នគ​បាល​យុ​ត្តិ​ធ៌​ម​តែ​ប៉ុណ្ណោះ ។​

​ករណី​សម្លាប់​ក្រៅ​រង្វង់​ច្បាប់ គួរតែ​ត្រូវ​បាន​កាត់​បន្ថយ ឬ បិទ​បញ្ចប់ ជៀសវាង​ករណី​ខាងលើ​ជនសង្ស័យ​ជា​ចោរ​ក្លាយជា​ជន​រង​គ្រោះ ឯ​ពលរដ្ឋ​គប់​ចោរ​ក្លាយជា​ជនល្មើស ៕