សំណង់ផ្ទះលំហែកាយបឹងកាឡូជាច្រើនខ្នង ត្រូវបានគេសាងសង់ក្នុងដែនគម្របព្រៃឈើខេត្តកែប ដោយពុំឃើញមានអាជ្ញាធរដែនដីនិងមន្ត្រីជំនាញពាក់ព័ន្ឋចុះត្រួតពិនិត្យនិងហាមឃាត់ឡើយ ។
បើតាមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្បែរៗសំណង់ផ្ទះលំហែកាតបឹងកាឡូបាននិយាយប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងទៀតថា ម្ចាស់សំណង់ឈ្មោះ តោ សុវុទ្ឋី ដោយមិនដឹងថា គាត់(តោ សុវុទ្ឋី) មានអំណាចនិងលុយកាក់មហាសាលច្រើនបែបណាទេបានជាមានឥទ្ឋិពលរហូតដល់ហ៊ានសង់រំលោភលើគម្របព្រៃឈើ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើខេត្តកែប ។
ប្រជាពលរដ្ឋបន្តថា ទីតាំងសំណង់ផ្ទះលំហែកាយរបស់លោក តោ សុវុទ្ឋី ដែលស្ថិតនៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបនេះ កន្លងមកគឺ អាជ្ញាធរហាមដាច់ខាតមិនអោយមានបុគ្គលណា ទន្ទ្រានយកដី ឬ កាប់ដើមឈើក្នុងតំបន់នោះឡើយ ។
ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋមួយចំនួនខាងលើ នៅរសៀលថ្ងៃទី២៣ វិច្ឆិកា ២០២០ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីលោក តោ សុវុទ្ឋី ។
ចំណែក លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថា រឿងនេះ មានសាវតារឿងរ៉ាវវែងឆ្ងាយ ដែលលោកត្រូវពន្យល់ជៀសវាងការបកស្រាយខុស ។
ក្រុមអ្នកតាមដានសង្គមមួយចំនួនបានលើកឡើងថា ទោះបីសំណុំរឿងសង់រំលោភលើដែនអភិរក្សមានរឿងរ៉ាវវែងឆ្ងាយដូចលោកចៅហ្វាយខេត្តកែបលើកឡើងយ៉ាងណាក្តី ក៍ត្រូវតែមន្ត្រីអាជ្ញាជំនាញពាក់ព័ន្ឋ ចុះទៅឃាត់ឬផ្អាកការសាងសង់បណ្តោះអាសន្នសិន ដោយរង់ចាំការដោះស្រាយតាមច្បាប់ ធ្វើយ៉ាងណាកុំឲ្យសំណង់លេចចេញរូបរាងហើយ អាជ្ញាធរទៅឃាត់ ឬ បញ្ជាឲ្យវាយកម្ទេចវិញ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ទាំងឯកជននិងរដ្ឋ ៕