លោក យ៉ិនទៀង ពុទ្ឋិរ៉ា ដែលគេស្គាល់ថា ជាកូនប្រុសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស /រកត /១២២០ /១២៤៥ ចុះថ្ងៃទី១៩ វិច្ឆិកា ២០២០ ដែលឡាយព្រះហស្ថលេខាដោយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
មុនពេលមកឡើងកាន់តួនាទីជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមអំណាចនៃព្រះរាជក្រឹត្យខាងលើ លោក យ៉ិនទៀង ពុទ្ឋិរ៉ា ក៍ធ្លាប់ត្រូវបានព្រះមហាក្សត្រតាមសំណើរបស់លោក ហ៊ុន សែន តែងតាំងជាឧបការីអង្គភាពប្រឆាំងអំពើពុករលួយឋានៈស្មើអនុរដ្ឋលេខាធិការ កាលពីថ្ងៃទី២៣ មេសា ២០១៦ ។
ព្រះរាជក្រឹត្យដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រខ្មែរកាលពីថ្ងៃទី២៣ មេសា ២០១៦ដដែល ក៍បានតែងតាំងកូនប្រុសលោក ឱម យ៉ិនទៀង ម្នាក់ទៀត គឺលោក យ៉ិនទៀង ពុទ្ឋិរិទ្ឋ ជាឧបការីអង្គភាពប្រឆាំងអំពើពុករលួយមានឋានៈស្មើនឹងរដ្ឋលេខាធិការផងដែរ ៕