ជនជាតិចិនម្នាក់ យកកន្ត្រៃចាក់សម្លាប់កូនអាយុទើប៨ខែ

បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​យក​កន្ត្រៃ​ចាក់​សម្លាប់​កូន​របស់​ខ្លួន​ដែល​មាន​វ័យ​ទើបតែ​៨​ខែ ។​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០២០ ចំណុច​ភូមិ -​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។​

​ជនសង្ស័យ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ចំណែក​ទារិកា​រង​គ្រោះ អាយុ ៨​ខែ ហើយ​បើ​តាម​សមត្ថកិច្ច ជន​រង​គ្រោះ ត្រូវ​ឪពុក​ចាក់​ត្រូវ​ចំនួន ៨​កន្លែង សន្លប់​ក្នុង​ថ្លុកឈាម ហើយ​ក៏​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ជនជាតិ​ចិន​នេះ ដាច់​ចិត្ត​យក​កន្ត្រៃ​ចាក់​សម្លាប់​កូន​ខ្លួនឯង​នៅឡើយ​ទេ ។ គ្រាន់តែ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ជា​ឪពុក​នោះ​បាន​ទូរស័ព្ទ​និយាយ​ជាមួយនឹង​ប្រពន្ធ​ដែល​ជា​ជនជាតិ​ចិន​ដូច​គ្នា និង​កំពុងធ្វើការ​នៅ​រាជធានី​ភ្នំពេញ ហើយ​តាម​ការ​សន្និដ្ឋាន​ជាបឋម អំឡុង​ពេល​និយាយ​ឆ្លើយឆ្លង​គ្នា​នោះ អាច​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា រហូត​ដល់​ទប់​អារម្មណ៍​មិន​បាន ក៏​បុរស​ជា​ប្តី​ឈាន​ទៅ​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​កូន​ខ្លួនឯង​តែ​ម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​រង់ចាំ​សាកសួរ បន្ថែម​និង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់​៕