បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពយកកន្ត្រៃចាក់សម្លាប់កូនរបស់ខ្លួនដែលមានវ័យទើបតែ៨ខែ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង៨យប់ថ្ងៃទី២៤ វិច្ឆិកា ២០២០ ចំណុចភូមិ -សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនសង្ស័យមិនទាន់ត្រូវបានសមត្ថកិច្ចបង្ហើបពីអត្តសញ្ញាណនៅឡើយទេ ។ ចំណែកទារិការងគ្រោះ អាយុ ៨ខែ ហើយបើតាមសមត្ថកិច្ច ជនរងគ្រោះ ត្រូវឪពុកចាក់ត្រូវចំនួន ៨កន្លែង សន្លប់ក្នុងថ្លុកឈាម ហើយក៏ត្រូវបានដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុដែលជនជាតិចិននេះ ដាច់ចិត្តយកកន្ត្រៃចាក់សម្លាប់កូនខ្លួនឯងនៅឡើយទេ ។ គ្រាន់តែដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យជាឪពុកនោះបានទូរស័ព្ទនិយាយជាមួយនឹងប្រពន្ធដែលជាជនជាតិចិនដូចគ្នា និងកំពុងធ្វើការនៅរាជធានីភ្នំពេញ ហើយតាមការសន្និដ្ឋានជាបឋម អំឡុងពេលនិយាយឆ្លើយឆ្លងគ្នានោះ អាចមានទំនាស់ពាក្យសម្តីគ្នា រហូតដល់ទប់អារម្មណ៍មិនបាន ក៏បុរសជាប្តីឈានទៅធ្វើសកម្មភាពចាក់សម្លាប់កូនខ្លួនឯងតែម្ដង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលរង់ចាំសាកសួរ បន្ថែមនិងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕