អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា សមាជិករដ្ឋសភា និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ជា ចំរើន ហើយបច្ចុប្បន្នលោកត្រូវបានគេដឹងថាជាអ្នកលក់ផលិតផលតាមអនឡាញម្នាក់ដែរនោះ បានប្រកាសតែងតាំងលោក ស្រី ចំរើន ជាប្រធានអង្គការ ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និង រកការងារជូនយុវជនយុវនារីបន្តវេនជាតិ។
បើតាមលោក ជា ចំរើន ដែលគេស្គាល់ថាធ្លាប់ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការដ៍ល្បីឈ្មោះផងនោះ ការតែងតាំងលោក ស្រី ចំរើន ជាប្រធានអង្គការអភិវឌ្ឍន៍យុវជនខ្មែរ(KYDO) គឺធ្វើឡើងក្នុងនាមលោកជាក្រុមប្រឹក្សាភិបាលអង្គការអភិវឌ្ឍន៍យុវជនខ្មែរ(KYDO) ។
លោក ជា ចំរើន ដែលគេដឹងថា ធ្លាប់ធ្វើការងារមួយចំនួនជាមួយអ្នកនាង ធី សុវណ្ណថា និង លោក ស្រី ចំរើន មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេ ជុំវិញការប្រកាសរបស់លោកនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២៥ វិច្ឆិកា ២០២០ ក្នុងការតែងតាំងលោក ស្រីចំរើនខាងលើនេះ ។
ជាការកត់សម្គាល់ ការប្រកាសរបស់លោក ជា ចំរើនខាងលើនេះដែរ បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ស្រី ចំរើន ដែលគេដាក់រហ័សនាម«ជួបប្តឹង» បានប្រកាសនៅលើបណ្តាញសង្គមបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃម្សិលមិញផងដែរ ថាបច្ចុប្បន្នលោកគ្មានជម្រើសអ្វី ក្រៅពីចាប់យករបរលក់ទំនិញផ្សេងៗ ដូចជាជ្រក់ជើងមាន់ជាដើម នៅតាមអនឡាញ ខណៈដែលលោកធ្លាប់ប្រកាសថា ខ្លួនជានិស្សិត និងធ្លាប់បានចូលប្រឡូកការងារជាច្រើនជាមួយអ្នកនាង ធី សុវណ្ណថា ហើយរឿងដែលលោកលេចធ្លោជាងគេគឺការប្តឹងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិជាច្រើនករណីដូចជាករណីពុករលួយ និងករណីចោទអង្គរក្សលោកកឹម សុខា ប្រើអំពើហិង្សាជាដើម ៕