រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តុលាការកំពូលបានសម្រេចបន្តឃុំខ្លួនលោក រ៉ុង ឈុន ក្នុងពន្ធនាគារ ដដែល ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារព្រៃសវិញ ដើម្បីបន្តនីតិវិធី ។
គួររំលឹកថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធបញ្ហាព្រំដែន នៅខេត្តត្បូងឃ្មុំ ។
លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានចេញដីកាឃុំខ្លួនលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
លោក រ៉ុង ឈុន ជាប់ចោទពីបទ «ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល» ៕