ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានថ្លែងថា «សម្តេចតេជោ ហ៊ុន សែន ជាវិរៈបុរសពន្លត់ភ្លើងសង្គ្រាម និងកសាងសន្តិភាព»។
ប្រធានវិទ្យុសំបុកឃ្មុំសម្លេងប្រជាពលរដ្ឋថ្លែងបែបនេះខាងលើ បានធ្វើឡើងនៅ ក្នុងសន្និសីទកាសែតសម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរ នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា ២០២០។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ វិច្ឆិកា ២០២០ គណបក្សនយោបាយចំនួនបី ដែលមិនទទួលបានអាសនៈសភាក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨កន្លងមក គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ,គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត ដែលត្រូវជាប្អូនបង្កើតរបស់លោកបណ្ឌិត កែម ឡី ផងនោះ បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ ។
សម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង៣នេះមានឈ្មោះថា «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (ស.ប.ខ)»។
តាមគម្រោង លោក ម៉ម សូណង់ដូ នឹងត្រូវប្រកាសផ្លូវការធ្វើជាប្រធានសម្ព័ន្ឋអ្នកប្រជាធិបតេយ្យខ្មែរនាពេលខាងមុខ ។
បើតាមលោក ម៉ម សូណង់ដូ ការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនេះ គឺនៅក្នុងគោលបំណងបណ្តុះគំនិតជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ក្តិចត្រួយ ៕