អ្នកលក់អនឡាញ តែងតាំងអ្នកលក់ជ្រក់ជើងមាន់ជាប្រធានអង្គការ ដើម្បីរកការងារជូនយុវជន

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​សមាជិក​រដ្ឋសភា និងជាអតីតសមាជិកគណៈកម្មាធិការជាតិ​រៀប​ចំ​​ការ​បោះឆ្នោត​ លោក ជា ចំរើន ហើយ​បច្ចុប្បន្ន​លោក​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ម្នាក់​ដែរ​នោះ បាន​ប្រកាស​តែងតាំង​លោក ស្រី ចំរើន ជា​ប្រធាន​អង្គការ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស និង រក​ការងារ​ជូន​យុវជន​យុវនារី​បន្តវេន​ជាតិ​។​

​បើ​តាម​លោក ជា ចំរើន ដែល​គេ​ស្គាល់​ថា​ធ្លាប់​ជា​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ដែល​ជា​សាលា​បណ្តុះបណ្តាល​មន្ត្រីរាជការ​ដ៍​ល្បីឈ្មោះ​ផង​នោះ ការ​តែងតាំង​លោក ស្រី ចំរើន ជា​ប្រធាន​អង្គការ​អភិវឌ្ឍន៍​យុវជន​ខ្មែរ​(KYDO) គឺ​ធ្វើ​ឡើង​ក្នុង​នាម​លោក​ជា​ក្រុមប្រឹក្សាភិបាល​អង្គការ​អភិវឌ្ឍន៍​យុវជន​ខ្មែរ​(KYDO) ។​

​លោក ជា ចំរើន ដែល​គេ​ដឹង​ថា ធ្លាប់​ធ្វើ​ការងារ​មួយ​ចំនួន​ជាមួយ​អ្នក​នាង ធី សុវណ្ណ​ថា និង លោក ស្រី ចំរើន មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេ ជុំវិញ​ការ​ប្រកាស​របស់​លោក​នៅ​លើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០២០ ក្នុង​ការ​តែងតាំង​លោក ស្រី​ចំរើន​ខាងលើ​នេះ ។​

​ជា​ការ​កត់សម្គាល់ ការ​ប្រកាស​របស់​លោក ជា ចំរើន​ខាងលើ​នេះ​ដែរ បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក ស្រី ចំរើន ដែល​គេ​ដាក់​រហ័ស​នាម​«​ជួប​ប្តឹង​» បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ម្សិលមិញ​ផង​ដែរ ថា​បច្ចុប្បន្ន​លោក​គ្មាន​ជម្រើស​អ្វី ក្រៅពី​ចាប់​យក​របរ​លក់ទំនិញ​ផ្សេង​ៗ ដូច​ជា​ជ្រក់​ជើងមាន់​ជាដើម នៅ​តាម​អន​ឡាញ ខណៈ​ដែល​លោក​ធ្លាប់​ប្រកាស​ថា ខ្លួន​ជា​និស្សិត និង​ធ្លាប់​បាន​ចូល​ប្រឡូក​ការងារ​ជា​ច្រើន​ជាមួយ​អ្នក​នាង ធី សុវណ្ណ​ថា ហើយ​រឿង​ដែល​លោក​លេចធ្លោ​ជាងគេ​គឺ​ការ​ប្តឹង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ករណី​ដូច​ជា​ករណី​ពុក​រលួយ និង​ករណី​ចោទ​អង្គរក្ស​លោក​កឹ​ម សុខា ប្រើ​អំពើ​ហិង្សា​ជាដើម ៕