ទីបំផុតទៅ លោកវរៈសេនីយ៍ឯក (ស័ក្តិ៥) ហ៊ីម សំបូរ បម្រើការងារនៅទីបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលរងការចោទពីស្ត្រីម្នាក់ ថាបានយកកាំភ្លើងដើរជេរប្រមាថ និងគំរាមបាញ់សម្លាប់មួយគ្រួសារ ហើយដែលត្រូវបានមន្ត្រីកងរាជអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២០ វិច្ឆិកាកន្លងមកនេះ ត្រូវបានលោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ ដោះលែងឲ្យមានសេរីភាពវិញហើយ ។
នេះបើយោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ។ យ៉ាងណា ប្រភពបន្តថា ទោះជាដោះលែងលោក ហ៊ីម សំបូរ ឲ្យនៅក្រៅឃុំ ប៉ុន្តែនីតិវិធីនៅបន្តដដែល ។
គួរំឮកថា លោកស័ក្តិ៦ ហ៊ីម សំបូរ ត្រូវបានស្ត្រីឈ្មោះ អ៊ុក ស្រីរិន ដែលបានដាក់ពាក្យប្តឹង ក្រោយពីលោក ត្រូវបានស្ត្រីជាដើមបណ្តឹងថាគំរាមសម្លាប់ក្រុមគ្រួសារនាងមួយគ្រួសារ ។
នៅក្នុងពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ អ៊ុក ស្រីរិន ដែលអះអាងថាជាជនរងគ្រោះបានរៀបរាប់ពីដំណើររឿងថា កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២០ វេលាម៉ោង២០៖២០នាទី នៅចំណុចមុខ ផ្ទះលេខ២៤៦ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ីម សំបូរ កើតថ្ងៃទី១៥ មេសា ១៩៦២ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៤៥ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បច្ចុប្បន្នបម្រើការងារនៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក ដែលមានដីផ្ទះជិតផ្ទះនាងខ្ញុំ បានដើរកាន់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០១ (មួយ) ដើម កាន់ដើរកាត់មុខផ្ទះនាងខ្ញុំ ឆ្ពោះទៅហាងអ៊ុតសក់នាងខ្ញុំយីហោ( ជី ជី សាឡន ) ដោយបានធ្វើការសម្លុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លី។
នាងខ្ញុំសូមបញ្ជាក់ផងដែរថា ឈ្មោះ ហ៊ីម សំបូរ តែងតែរករឿងឈ្លោះជាមួយក្រុមគ្រួសារនាងខ្ញុំជាញឹកញាប់ ចាប់តាំងពីនាងខ្ញុំបានសាងសង់ផ្ទះ ល្វែងអំពីថ្មរួចមក ឈ្មោះនេះតែងតែមិនពេញចិត្តនឹងក្រុមគ្រួសារនាងខ្ញុំ។ លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ នេះ តែងតែកាន់អាវុធខ្លីដើរគំរាមកំហែងអ្នកជិតខាងណាដែលបានឈ្លោះជាមួយគេ ហើយសម្លុតនិងបានបោះពាក្យសម្តីថា «អ្ហែងធ្វើមិនឈ្នះអញទេ» ។
ទង្វើទាំងអស់នេះធ្វើឱ្យនាងខ្ញុំរស់នៅមិនបានសុខ ដោយការគំរាមកំហែងថាសម្លាប់ទាំងគ្រួសារ ហើយបុរសនោះតែងនិយាយថា សុខចិត្តស្លាប់នោះថែមទៀត៕