ការលើកឡើងរបស់អ្នកតាមដាននយោបាយបរទេសមួយចំនួនខាងលើ បានកើតឡើងបន្ទាប់ពីអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោក Mohsen Fakhrizadeh ត្រូវបានគេធ្វើឃាតដោយការបាញ់ប្រហារក្បួនរថយន្តរបស់លោកកាលពីថ្ងៃសុក្រម្សិលមិញ និងត្រូវបាន ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រួហានី (Hassan Rouhani) បានប្រកាសនៅថ្ងៃសៅរ៍នេះថា អ៊ីរ៉ង់នឹងសងសឹក ចំពោះអ្នកដែលមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងការធ្វើឃាត អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់អ៉ីរ៉ង់មួយរូប ហើយដែលលោកបានចោទអ៊ីស្រាអ៊ែលជាអ្នកធ្វើឃាតអ្នកជំនាញខាងគ្រាប់នុយក្លេអ៊ែររបស់អ៊ីរ៉ង់រូបនេះ ។
អ្វីដែលជាការកត់សម្គាល់ដែលថាសង្គ្រាមរវាងអ៊ីស្រាអ៊ែលនិងអ៊ីរ៉ង់ អាចនឹងផ្ទុះឡើងនៅដំណាច់ឆ្នាំ២០២០នេះនោះ គឺគម្រោងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលប៉ងវាយប្រហារមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីដើមខែវិច្ឆិកាមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកលើកទី៤៦ ប៉ុន្តែត្រូវបរាជ័យដោយសារប្រមុខការទូតនិងការពារជាតិអាមេរិកជំទាស់ ។ ជាងនេះទៀត សហរដ្ឋអាមេរិក ហាក់ត្រៀមខ្លួនរួចមុនជាស្រេច ដោយបញ្ជូននាវាដឹកយន្តហោះ USS Nimitz និងនាវាចម្បាំងដទៃទៀតទៅកាន់ឈូងសមុទ្រពែក្ស ប៉ុន្មានថ្ងៃមុនការវាយប្រហារលើរថយន្តបណ្តាលឲ្យអ្នកជំនាញផ្នែកវិទ្យាសាស្ត្ររបស់អ៊ីរ៉ង់លោក Mohsen Fakhrizadeh បាត់បង់ជីវិត បើទោះបីជាអាមេរិកបានអះអាងថា ការបញ្ជូននាវាដឹកយន្តហោះនិងនាវាចម្បាំងទៅកាន់ឈូងសមុទ្រពែក្ស គឺដើម្បីគាំទ្រការដកទាហានចេញពីអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់យ៉ាងណាក្តី ។
ក្រុមអ្នកតាមដាននយោបាយបរទេសមួយចំនួនបានមើលឃើញថា អាមេរិកហាក់កំពុងខ្ចីដៃអ៊ីស្រាអ៊ែល ដើម្បីឲ្យអ៊ីរ៉ង់ខឹងវាយអ៊ីស្រាអ៊ែល រួចខ្លួន(អាមេរិក)ដែលជាសម្ព័ន្ឋមិត្តយ៉ាងជិតស្និទ្ឋបំផុតជាមួយអ៊ីស្រាអ៊ែល មានលេសដើម្បីវាយប្រហារលើអ៊ីរ៉ង់ ។
ម្យ៉ាងទៀត សង្គ្រាមរវាងអ៊ីស្រាអ៊ែលនិងអ៊ីរ៉ង់ ដែលទំនងជាជៀសមិនផុតនោះ គឺអាចនឹងកើតឡើងដោយសារតែការបរាជ័យក្នុងការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ដែលធ្វើឲ្យលោកត្រាំខឹង និងធ្វើអ្វីមួយទុកជាប្រវត្តិសាស្ត្រនៅមុនពេលលោកចាកចេញពីសេតវិមាននៅខែមករា ២០២១ខាងមុខ ពីព្រោះលោកត្រាំក៍ធ្លាប់បានបញ្ជាឲ្យសម្លាប់លោកឧត្តមសេនីយ៍ កាសឹម សូឡីម៉ានី (Qasem Soleimani) អាយុ ៦២ឆ្នាំ ជាមេបញ្ជាការកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី០៣ មករា ២០២០ ។ សូមបញ្ជាក់ថា លោ កសូឡីម៉ានី ជាឥស្សរជនអ៊ីរ៉ង់ម្នាក់ដែលមានឥទ្ធិពល និងមានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងប្រទេសអ៊ីរ៉ង់។ ក្នុងនាមជាមេបញ្ជាការកម្លាំងអាល់កូដ ដែលជាកងឯកភាពមួយនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកសូឡីម៉ានីបានដឹកនាំប្រតិបត្តិការនៅក្រៅទឹកដីអ៊ីរ៉ង់ និងត្រូវបានគេចាត់ទុកជាឥស្សរជនគន្លឹះដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ពិសេសនៅអ៊ីរ៉ាក់ និងនៅស៊ីរី។ ក្រោមភ្នែកចម្រុះរបស់រដ្ឋបាលអាមេរិកាំង គឺឧត្តមសេនីយអ៊ីរ៉ង់រូបនេះឯង ដែលបានស្ថិតនៅពីក្រោយការបះបោររបស់ក្រុមឈីអ៊ីតប្រឆាំងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា និយាយជារួម និងនៅក្នុងប្រទេសអ៊ីរ៉ាក់ និយាយដោយឡែក។
សម្រាប់ក្រុងវ៉ាស៊ីនតោន សម្លាប់ឧត្តមសេនីយអ៊ីរ៉ង់កាសឹម សូឡីម៉ានីដែលមានឋានៈស្មើនឹងប្រមុខ CIA និងមេបញ្ជាការប្រតិបត្តិការពិសេសរួមបញ្ចូលគ្នា គឺមានន័យស្មើនឹងកំចាត់បុរសខ្លាំងទី២ របស់អ៊ីរ៉ង់។ សម្រាប់លោកដូណាល់ ត្រាំ ការសម្លាប់បានឧត្តមសេនីយអ៊ីរ៉ង់រូបនេះជាការបំបាក់ឆ្អឹងខ្នងរបស់ចលនាឈីអ៊ីតគាំទ្រអ៊ីរ៉ង់ប្រឆាំងអាមេរិក និងផលប្រយោជន៍អាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ តែក្រុមអ្នកជំនាញបានមើលឃើញថា អ្វីដែលលោកត្រាំបានគិត គឺខុសស្រឡះ ហើយអ្វីដែលលោកត្រាំបានធ្វើ គឺច្រឡំធំណាស់។ ផ្ទុយពីការយល់ឃើញរបស់លោកត្រាំ ការសម្លាប់ឧត្តមសេនីយអ៊ីរ៉ង់កាសឹម សូឡីម៉ានីបែរជាបានពង្រីក និងពង្រឹងបណ្តាញតស៊ូរបស់ចលនាឈីអ៊ីតនៅលើឆាកអន្តរជាតិទៅវិញ។ ចំណែកនៅក្នុងទឹកដីអ៊ីរ៉ង់ឯណោះវិញ មរណភាពរបស់លោកសូឡីម៉ានីបានធ្វើឲ្យពលរដ្ឋអ៊ីរ៉ង់រួមសាមគ្គីគ្នាជាធ្លុងមួយនៅពីក្រោយរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កាន់តែខ្លាំងឡើង។
ដូច្នេះ ហេតុផលមួយចំនួនខាងលើ អាចជារងើកភ្លើងដែលឈានទៅឆាបឆេះសង្គ្រាមរវាងអាមេរិក អ៊ីស្រាអ៊ែល ជាមួយនឹងអ៊ីរ៉ង់ ៕