សង្រ្គាមរវាងអ៊ីស្រាអ៊ែលនិងអ៊ីរ៉ង់ ទំនងនឹងអាចកើតឡើងនៅដំណាច់ឆ្នាំនេះ

ការ​លើក​ឡើង​របស់​អ្នក​តាមដាន​នយោបាយ​បរទេស​មួយ​ចំនួន​ខាងលើ បាន​កើតឡើង​បន្ទាប់​ពី​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉​ង់ លោក Mohsen Fakhrizadeh ត្រូវ​បាន​គេ​ធ្វើឃាត​ដោយ​ការ​បាញ់ប្រហារ​ក្បួន​រថយន្ត​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ និង​ត្រូវ​បាន ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក ហា​សាន់ រួ​ហា​នី (Hassan Rouhani) បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា អ៊ី​រ៉​ង់​នឹង​សងសឹក ចំពោះ​អ្នក​ដែល​មាន​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​ខ្នង​ការ​ធ្វើឃាត អ្នក​វិទ្យាសាស្ត្រ​ជាន់ខ្ពស់​អ៉ី​រ៉​ង់​មួយ​រូប ហើយ​ដែល​លោក​បាន​ចោទ​អ៊ី​ស្រា​អ៊ែ​ល​ជា​អ្នក​ធ្វើឃាត​អ្នកជំនាញ​ខាង​គ្រាប់​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉​ង់​រូប​នេះ ។​

​អ្វី​ដែល​ជា​ការ​កត់សម្គាល់​ដែល​ថា​សង្គ្រាម​រវាង​អ៊ី​ស្រា​អ៊ែ​ល​និង​អ៊ី​រ៉​ង់ អាច​នឹង​ផ្ទុះ​ឡើង​នៅ​ដំណាច់ឆ្នាំ​២០២០​នេះនោះ គឺ​គម្រោង​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ដែល​ប៉ង​វាយប្រហារ​មូលដ្ឋាន​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉​ង់​កាលពីដើម​ខែវិច្ឆិកា​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី​៤៦ ប៉ុន្តែ​ត្រូវ​បរាជ័យ​ដោយសារ​ប្រមុខ​ការទូត​និង​ការពារ​ជាតិ​អា​មេ​រិ​ក​ជំទាស់ ។ ជាង​នេះ​ទៀត សហរដ្ឋអាមេរិក ហាក់​ត្រៀមខ្លួន​រួច​មុន​ជា​ស្រេច ដោយ​បញ្ជូន​នាវា​ដឹក​យន្តហោះ USS Nimitz និង​នាវាចម្បាំង​ដទៃ​ទៀត​ទៅ​កាន់​ឈូង​សមុទ្រ​ពែ​ក្ស ប៉ុន្មាន​ថ្ងៃមុន​ការ​វាយប្រហារ​លើ​រថយន្ត​បណ្តាល​ឲ្យ​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​របស់​អ៊ី​រ៉​ង់​លោក Mohsen Fakhrizadeh បាត់បង់​ជីវិត បើ​ទោះបីជា​អា​មេ​រិ​កបាន​អះអាង​ថា ការ​បញ្ជូន​នាវា​ដឹក​យន្តហោះ​និង​នាវាចម្បាំង​ទៅ​កាន់​ឈូង​សមុទ្រ​ពែ​ក្ស គឺ​ដើម្បី​គាំទ្រ​ការ​ដក​ទាហាន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​អ៊ី​រ៉ា​ក់​យ៉ាងណា​ក្តី ។​

​ក្រុម​អ្នក​តាមដាន​នយោបាយ​បរទេស​មួយ​ចំនួន​បាន​មើលឃើញ​ថា អា​មេ​រិ​ក​ហាក់​កំពុង​ខ្ចីដៃ​អ៊ី​ស្រា​អ៊ែ​ល ដើម្បី​ឲ្យ​អ៊ី​រ៉​ង់​ខឹង​វាយ​អ៊ី​ស្រា​អ៊ែ​ល រួចខ្លួន​(​អា​មេ​រិ​ក​)​ដែល​ជាស​ម្ព័​ន្ឋ​មិត្ត​យ៉ាង​ជិត​ស្និ​ទ្ឋ​បំផុត​ជាមួយ​អ៊ី​ស្រា​អ៊ែ​ល មាន​លេស​ដើម្បី​វាយប្រហារ​លើ​អ៊ី​រ៉​ង់ ។​

​ម្យ៉ាងទៀត សង្គ្រាម​រវាង​អ៊ី​ស្រា​អ៊ែ​ល​និង​អ៊ី​រ៉​ង់ ដែល​ទំនងជា​ជៀស​មិន​ផុត​នោះ គឺ​អាច​នឹង​កើតឡើង​ដោយសារ​តែ​ការ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​របស់​លោក ដូ​ណា​ល់ ត្រាំ ដែល​ធ្វើ​ឲ្យ​លោក​ត្រាំ​ខឹង និង​ធ្វើ​អ្វីមួយ​ទុកជា​ប្រវត្តិសាស្ត្រ​នៅ​មុន​ពេល​លោក​ចាក​ចេញពី​សេត​វិមាន​នៅ​ខែមករា ២០២១​ខាង​មុខ ពីព្រោះ​លោក​ត្រាំ​ក៍​ធ្លាប់​បាន​បញ្ជា​ឲ្យ​សម្លាប់​លោក​ឧត្តមសេនីយ៍ កា​សឹម សូឡី​ម៉ា​នី (Qasem Soleimani) អាយុ ៦២​ឆ្នាំ ជា​មេបញ្ជាការ​កំពូល​របស់​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​០៣ មក​រា ២០២០ ។ សូម​បញ្ជាក់​ថា លោ ក​សូឡី​ម៉ា​នី ជា​ឥស្សរជន​អ៊ី​រ៉​ង់​ម្នាក់​ដែល​មាន​ឥទ្ធិពល និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​។ ក្នុង​នាម​ជា​មេបញ្ជាការ​កម្លាំង​អាល់​កូដ ដែល​ជា​កងឯកភាព​មួយ​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់ លោក​សូឡី​ម៉ា​នី​បាន​ដឹកនាំ​ប្រតិបត្តិការ​នៅ​ក្រៅ​ទឹកដី​អ៊ី​រ៉​ង់ និង​ត្រូវ​បាន​គេ​ចាត់ទុកជា​ឥស្សរជន​គន្លឹះ​ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ឥទ្ធិពល​របស់​អ៊ី​រ៉​ង់​នៅ​មជ្ឈិមបូព៌ា ពិសេស​នៅ​អ៊ី​រ៉ា​ក់ និង​នៅ​ស៊ី​រី​។ ក្រោម​ភ្នែក​ចម្រុះ​របស់​រដ្ឋបាល​អា​មេ​រិ​កាំ​ង គឺ​ឧត្តមសេនីយ​អ៊ី​រ៉​ង់​រូប​នេះឯង ដែល​បាន​ស្ថិត​នៅ​ពីក្រោយ​ការ​បះបោរ​របស់​ក្រុម​ឈី​អ៊ី​ត​ប្រឆាំង​អា​មេ​រិ​ក​នៅ​តំបន់​មជ្ឈិមបូព៌ា និយាយ​ជា​រួម និង​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់ និយាយ​ដោយឡែក​។​

​សម្រាប់​ក្រុង​វ៉ា​ស៊ី​ន​តោន សម្លាប់​ឧត្តមសេនីយ​អ៊ី​រ៉​ង់​កា​សឹម សូឡី​ម៉ា​នី​ដែល​មាន​ឋានៈ​ស្មើនឹង​ប្រមុខ CIA និង​មេបញ្ជាការ​ប្រតិបត្តិការ​ពិសេស​រួម​បញ្ចូល​គ្នា គឺ​មាន​ន័យ​ស្មើនឹង​កំចាត់​បុរស​ខ្លាំង​ទី​២ របស់​អ៊ី​រ៉​ង់​។ សម្រាប់​លោក​ដូ​ណា​ល់ ត្រាំ ការ​សម្លាប់​បាន​ឧត្តមសេនីយ​អ៊ី​រ៉​ង់​រូប​នេះ​ជា​ការ​បំបាក់​ឆ្អឹងខ្នង​របស់​ចលនា​ឈី​អ៊ី​ត​គាំទ្រ​អ៊ី​រ៉​ង់​ប្រឆាំង​អា​មេ​រិ​ក និង​ផលប្រយោជន៍​អា​មេ​រិ​ក​នៅ​តំបន់​មជ្ឈិមបូព៌ា​។ តែ​ក្រុម​អ្នកជំនាញ​បាន​មើលឃើញ​ថា អ្វី​ដែល​លោក​ត្រាំ​បាន​គិត គឺ​ខុសស្រឡះ ហើយ​អ្វី​ដែល​លោក​ត្រាំ​បាន​ធ្វើ គឺ​ច្រឡំ​ធំ​ណាស់​។ ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​លោក​ត្រាំ ការ​សម្លាប់​ឧត្តមសេនីយ​អ៊ី​រ៉​ង់​កា​សឹម សូឡី​ម៉ា​នី​បែរជា​បាន​ពង្រីក និង​ពង្រឹង​បណ្តាញ​តស៊ូ​របស់​ចលនា​ឈី​អ៊ី​ត​នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​វិញ​។ ចំណែក​នៅ​ក្នុង​ទឹកដី​អ៊ី​រ៉​ង់​ឯណោះ​វិញ មរណភាព​របស់​លោក​សូឡី​ម៉ា​នី​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អ៊ី​រ៉​ង់​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​នៅ​ពីក្រោយ​របប​សាធារណរដ្ឋ​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់​កាន់តែ​ខ្លាំង​ឡើង​។​

​ដូច្នេះ ហេតុផល​មួយ​ចំនួន​ខាងលើ អាច​ជា​រងើកភ្លើង​ដែល​ឈាន​ទៅ​ឆាបឆេះ​សង្គ្រាម​រវាង​អា​មេ​រិ​ក អ៊ី​ស្រា​អ៊ែ​ល ជាមួយនឹង​អ៊ី​រ៉​ង់ ៕